(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា សុខ វណ្ណា។
នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ។
ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ ត្រូវបានធ្វើឡើងដោយយោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការត្រាស់បង្គាប់ផ្តល់គោរពងារជា «អ្នកឧកញ៉ា» នេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និង ចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងការងារមនុស្សធម៌ ដោយបានផ្ដល់រថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងដល់បណ្ដាមន្ទីរពេទ្យរាជធានី-ខេត្ដ ជួយដល់ជនពិការកំបុតដៃទាំងពីរ និងទីអារាមនានា។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ៕