(ស្វាយរៀង)៖ រដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាស ចូលកាន់តំណែងប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តស្វាយរៀង និងរចនាសម្ព័ន្ធដឹកនាំ របស់លេខាធិការដ្ឋាន ព្រមទាំងប្រគល់ត្រាជាផ្លូវការ។
ពិធីនេះដែរ ធ្វើឡើងនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ដោយក្រោមវត្តមានលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័ននានា ក្នុងខេត្តធ្វើសាក្សី ប្រកបដោយភាពស្និតស្នាលបំផុត។
ក្នុងនោះដែរ លោក ទេព ផល្លា ដែលទើបប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង បានធ្វើការប្តេជ្ញាចិត្ត ដោយខិតខំបម្រើការងារភារកិច្ចរបស់ខ្លួន ឲ្យអស់ពីកម្លាំងកាយចិត្ត សមនឹងគុណបំណាច់របស់ ថ្នាក់ដឹកនាំ ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាំ ប្រគល់ឲ្យ។
បន្ថែមពីនេះ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើការផ្តាំផ្ញើសាកសួរសុខ ពីសំណាក់ លោករដ្ឋមន្ត្រី ក្រសួងយុត្តិធ៌ម និងជម្រុញឲ្យមន្រ្តី ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ និងយកចិត្តទុកដាក់ក្នុងការងារភារកិច្ចរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ក្នុងសហការ ជាមួយអង្គភាពពាក់ព័ន្ធទាំងអស់៕