(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា (CLUF) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនកម្មករ ដែលបានគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវលេខ៥១ ស្ថិតនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ដែលបណ្តាលឱ្យកម្មកររងរបួសចំនួន២០នាក់ ក្នុងនោះក៏មានកម្មករធ្វើការនៅរោងចក្រ អានហ្វុល ចំនួន១៧នាក់ របួសធ្ងន់ចំនួន៤នាក់។
ក្នុងឱកាសនេះ លោក សោម អូន បាននាំនូវថវិកាមួយចំនួន ដែលជាថវិការបស់សហព័ន្ធសហជីពកម្មករកម្ពុជា និងជាថវិកាមូលនិធិសហជីពកម្មករកម្ពុជា ប្រចាំរោងចក្រ អានហ្វុល ដើម្បីជួយឧបត្ថម្ភដល់កម្មកររងគ្រោះ និងបានសម្ដែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើង ដោយការធ្វេសប្រហែសរបស់អ្នកបើកបរ ដែលជាហេតុបង្កគ្រោះថ្នាក់ យ៉ាងរន្ធត់ដល់បងប្អូនកម្មករយើង។
លោកក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់លើអាយុជីវិតកម្មករ ចំពោះមុខច្បាប់ជាធរមាន ពីព្រោះកាលណាមានគ្រោះថ្នាក់ ផលប៉ះពាល់វានឹងជះទៅលើទាំងកម្មករ ទាំងក្រុមគ្រួសារកម្មករ និងទាំងម្ចាស់រថយន្ត។ ជាមួយនេះដែរ លោកបានស្នើឱ្យសមត្ថកិច្ច ចុះត្រួតពិនិត្យលក្ខណៈច្បាប់ ចំពោះអ្នកបើកបរឱ្យបានហ្មត់ចត់ ដូចជាស្ថានភាពរថយន្ត ប័ណ្ណបើកបរ និងត្រួតពិនិត្យល្បឿនបើកបរជាដើម៕