(ឡូសអេនជឺឡេស)៖ អតីតស្តេចប្រដាល់សកលលំដាប់លេខ២ របស់ពិភពលោក Manny Pacquiao នឹងត្រឡប់មក កាន់សង្វៀនជាថ្មីទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ប្រកួតទល់នឹងជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នេះបើយោងតាមលោក Michael Koncz ថ្លែងប្រាប់ Channel News Asia កាលពីម្សិលមិញ។

លោក Michael Koncz បានបន្តថា «វាមិនទាន់ស័ក្តិសមនោះទេ សម្រាប់ជើងខ្លាំង Pacquiao ចូលនិវត្តន៍ គ្រាដែល ការហ្វឹកហាត់ និងការប្រកួតផ្សេងៗ នៅតែរំជើបរំជួលនោះ»

សូមរំលឹកផងដែរថា កីឡាករជើងខ្លាំងជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ Pacquiao បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពី ទទួលបានជ័យជំនះដោយពិន្ទុទៅលើសត្រូវចាស់ជនជាតិអាមេរិក Timothy Bradley កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើសង្វៀន MGM Grand Arena នៅអាមេរិកតែម្តង ដោយយកពេលវេលាលាឈប់ពីអាជីពឈឺសាច់នេះ ទៅបម្រើនយោបាយវិញ ខណៈដែលរូបលោក ត្រូវបានបោះឆ្នោតជាសមាជិកសភានោះ។

តែក្រោយមកនាពេលថ្មីៗនេះ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យកាល Pacquiao បានប្រកាសជា ច្រើនលើក ច្រើនសា ថាគេនឹងវិលមកកាន់សង្វៀនប្រដាល់វិញ ដោយនឹងត្រូវជួបគូប្រកួត Jessie Vargas ផងដែរ សម្រាប់១ប្រកួតដំបូងរបស់គេ គិតចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៦ មក។

តែយ៉ាងណាមិញ ប្រធានផ្សព្វផ្សាយការប្រដាល់ធំៗលំដាប់ពិភពលោក Bob Arum បានកំពុងតែរៀបចំការប្រកួតថា នឹងធ្វើនៅប្រទេសអារ៉ាប់រួម ឬក៏នៅទីក្រុង Las Vegas ប្រទេសអាមេរិកឡើយ ស្របពេលដែលជើងខ្លាំង Manny Pacquiao មានប្រវត្តិប្រកួត ៦៦ដង ឈ្នះ៥៨ដង ចាញ់៦ដង និងស្មើ២ដង ខណៈដែលគូប្រជែង Vargas ធ្លាប់ប្រកួត បាន ២៨ដង ឈ្នះ២៧ដង ចាញ់១ដង និងមិនដែលស្មើឡើយ៕