(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ សិស្សានុស្សិស រស់នៅតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ចូរនាំគ្នាដាំដើមត្នោតឱ្យបានច្រើន ស្របពេលដែលដើមត្នោត ក៏ជាអត្តសញ្ញាណរបស់ជាតិខ្មែរមួយផងដែរ។ ហើយរដ្ឋបាលខេត្ត នឹងមានចក្ខុវិស័យ ធ្វើឱ្យតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្លាយជាតំបន់ទាក់ទាញទេសចរ តាមរយៈដើមត្នោត ស្ករត្នោត ទឹកឆ្នោត ផ្លែត្នោត និងផលិតផលត្នោតជាដើម។ល។
ថ្លែងក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម ប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានលើកឡើងថា ការដាំដើមឈើមានប្រយោជន៍ណាស់ សម្រាប់ប្រជាជាតិនីមួយៗ ដើម្បីទទួលបានបរិស្ថានបៃតង ថែទាំដល់ប្រព័ន្ធអេកូឡូស៊ី។ ហើយអ្វីកាន់តែពិសេស សម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។
លោកអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំង ដែលឈរជើងនៅខ្សែបន្ទាត់ព្រំដែន ជួយថែទាំដើមត្នោតឲ្យបានល្អ ព្រោះការថែរក្សាដើមត្នោតបានន័យថា យើងបានចូលរួមថែរក្សា ការពារអត្តសញ្ញាណជាតិរបស់យើង ឲ្យគង់វង្ស ដើម្បីមិនឲ្យជនបរទេសណាអាចមកឈ្លានពាន ឬមកបន្លែបន្លំ យកទឹកដីកំណើតរបស់យើងបាន។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា សម្រាប់រុក្ខទិវា ឆ្នាំ២០២៣នេះ ខេត្តកំពតបានដាំដើមត្នោត ចំនួន ៧៥០ដើម នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម ប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច៕