(បាត់ដំបង)៖ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ (NSWM-PLATFORM)។ កម្មវិធីនេះធ្វើឡើងនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ផ្តើមចេញពីបញ្ហាដែលតែងតែកើតចេញពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បង្កឱ្យមានក្លិនស្អុយ និងផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តបាត់ដំបង ហើយដើម្បីទប់ស្កាត់លើផលប៉ះពាល់ទាំងនេះបាននោះក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិនៃរដ្ឋបាលក្រុងបាត់ដំបង ក្នុងគោលដៅដល់ការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឱ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឱ្យទាន់ពេល និងប្រមូលឱ្យមាននិរន្តរភាព។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងតាមប្រព័ន្ធថ្នាលជាតិ គឺដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនស្របតាមគោលការណ៍ប្រមូលឱ្យអស់ ប្រមូលឱ្យស្អាត ប្រមូលឱ្យទាន់ពេល និងប្រមូលឱ្យមាននិរន្តរភាព។
ការលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន២០២០។ លើកកម្ពស់អនាម័យ បរិស្ថាន សោភ័ណភាព ផាសុខភាព និងសុខុមាលភាព សាធារណៈធ្វើឱ្យទីក្រុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ទីក្រុងស្អាត សំដៅទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកវិនិយោគ ស្នាក់នៅលេងកម្សាន្តនៅក្នុងក្រុងបាត់ដំបងកាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ត្រៀមខ្លួនសម្រាប់កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ជាពិសេសរដ្ឋបាលក្រុងបាត់ដំបង ចង់ប្រែក្លាយពីសំរាមដែលធ្លាប់តែគរនៅមុខផ្ទះ និងក្រោយផ្ទះ ឬរយៈពេល២ ឬ៣ សប្ដាហ៍មានដង្កូវស្អុយរលួយជះក្លិនមិនល្អ ឱ្យក្លាយទៅជាគ្មានសំរាមនៅមុខផ្ទះ និងក្រោយផ្ទះជារៀងរហូត។
លោកអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ផ្លាស់ស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត ស្នាក់នៅ និងដាក់ទុនវិនិយោគ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកបានបន្តទៀតថា ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំ គឺយើងឈឺក្បាលដេកមិនលក់នោះទេ ដូច្នេះត្រូវមានការចូលរួមសហការទាំងអស់គ្នាដើម្បីធ្វើឱ្យក្រុងបាត់ដំបង គ្មានសំរាម ដើម្បីផ្ដល់នូវភាពស្អាត ក្នុងការរស់នៅ និងកំណើនភ្ញៀវទេសចរផងដែរ។
លោក ហេង ណារ៉េត បានបញ្ជាក់ថា តាមរយៈនៃការរីកចម្រើនក្នុងកំណើនសេដ្ឋកិច្ច រង្វង់៧% ប្រចាំឆ្នាំ យើងបានប្រែក្លាយប្រទេសជាតិយើងពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើនទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ក៏ដូចជាប្រាក់
ចំណូលរបស់ប្រជាពលរដ្ឋផងនោះ បញ្ហាសំរាមសំណល់រឹងក៏បានក្លាយទៅជាប្រធានបទដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយកំណើននៃការបង្កើនសំរាម សំណល់រឹងក៏មានការកើនឡើងផងដែរ។
លោកបានបញ្ជាក់ថា សំរាមបានកើនឡើងដល់ ៤លានតោន ក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅក្រុងបាត់ដំបង មានប្រមាណ១២០ ទៅ១៤០តោន ក្នុងមួយថ្ងៃ ដែលបានកើនឡើងច្រើនធ្វើឱ្យមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមសំណល់រឹងទាំងអស់នេះ៕