(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលបានសម្រេចយល់ព្រមជាលើកដំបូងឲ្យក្រុមហ៊ុនឯកជនមួយ ធ្វើការបាញ់បង្ហោះ យានអវកាស ដើម្បីធ្វើដំណើរទៅចុះចតលើឋានព្រះច័ន្ទ នៅឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
ការយល់ព្រមខាងលើនេះ គឺបានកើតឡើងក្រោយពីរដ្ឋបាលអាកាចរណ៍សហព័ន្ធអាមេរិក (FAA) បានធ្វើការពិនិត្យ មើលតាមសំណើរបស់ក្រុមហ៊ុន Moon Express ដែលបានបង្កើតបេសកកម្មមួយមានឈ្មោះថា Moon Express's MX-1E កាលពីឆ្នាំ ២០១០ ក្នុងគោលបំណងធ្វើការរុករករ៉ែ នៅលើឋានព្រះច័ន្ទ។
FAA បានបញ្ជាក់នៅក្នុងសេចក្កីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «បេសកកម្មខាងលើនេះ មិនបានបង្កផលប៉ះពាល់ លើសុវត្ថិភាព និងសុខភាពសាធារណ, សុវត្ថិភាពនៃទ្រព្យសម្បត្តិ, សន្តិសុខជាតិអាមេរិក ឬ ក៏ផលប្រយោជន៍ នយោបាយ, ឬក៏កតព្វកិច្ចជាលក្ខណៈអន្តរជាតិរបស់អាមេរិកនោះឡើយ»។
គួរបញ្ជាក់ថា ការអនុញ្ញាតឲ្យមានបេសកកម្ម Moon Express's MX-1E នោះគឺជារឿងប្រវត្តិសាស្ត្រហើយសម្រាប់ អាមេរិក ពីព្រោះតែកន្លងមកអាមេរិក មិនដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនណាមួយ ធ្វើការស្រាវជ្រាវនៅឋានព្រះច័ន្ទ ក្រៅពីអង្គការ NASA និងស្ថាប័នរដ្ឋពាក់ព័ន្ធនោះឡើយ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋផ្លូរីដានេះ នឹងចាប់ផ្តើម បេសកកម្មរុករកឋានព្រះច័ន្ទនៅឆ្នាំ ២០១៧ ដើម្បីស្វែងរកវត្ថុមានតម្លៃ៕