(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចាប់ផ្តើមជំរុញជាថ្មី ឱ្យអង្គភាពយោធានានាក្រោមចំណុះ ពន្លឿនលើការចុះបញ្ជីបញ្ជាក់ ទ្រព្យសម្បត្តិដីធ្លីរបស់កងទ័ព ដើម្បីកាត់បន្ថយជម្លោះ ជាមួយប្រជាពលរដ្ឋ។ នេះបើតាម លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ការជំរុញឱ្យអង្គភាពយោធាពន្លឿន លើការចុះបញ្ជីសារពើភ័ណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងទ័ពប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ឈុំ សុជាតិ បានប្រាប់ឱ្យអំពីលទ្ធផលសំខាន់នៃកិច្ចប្រជុំនោះថា «ចំណុចទី១ ក្រសួងការពារជាតិបានជំរុញឱ្យ គ្រប់អង្គភាពដែលមិនទាន់ បានធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិកងទ័ព ឱ្យបង្កើនការចុះបញ្ជីឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ ដែលគាត់ប្តឹងថា កងទ័ពយកដីរបស់គាត់។ តាមពិតកងទ័ពនៅដីទាំងនោះយូរហើយ ប៉ុន្តែគាត់មិនបានចុះបញ្ជីសម្បត្តិរដ្ឋ»។
លោកបានបន្ថែមថា ឯកសារដែលរៀបចំរួចរាល់ នឹងត្រូវបញ្ជូន ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យរាជរដ្ឋាភិបាលបានដឹងថា ដីទាំងនោះជារបស់កងទ័ព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញ បានសម្រេចបញ្ឈប់ឱ្យមានការស្នើសុំដី សម្រាប់អង្គភាពយោធាចាប់ពីថ្ងៃនេះតទៅ ហើយគ្រប់កងពលទាំងអស់ ហាមសុំដីបន្តទៀត និងត្រូវពិនិត្យ និងចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋឲ្យបានត្រឹមត្រូវ កុំឲ្យធ្លាក់ទៅលើដៃឯកជនមួយចំនួន។
ការសម្រេចរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់ប្រសាសន៍ របស់សម្តេចយ៉ាដូច្នេះថា «មន្រ្តីយើងត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ ធនធានត្រី ព្រៃលិចទឹក និងការពារដែនកោះ ដែនសមុទ្រអោយបានរឹងមាំល្អ។ ចំពោះការស្នើសុំដីសម្រាប់អង្គភាពយោធានីមួយៗ គឺត្រូវឈប់ចាប់ពីថ្ងៃនេះ។ គ្រប់កងពលទាំងអស់ហាមសុំដី បន្តទៅទៀត ហើយត្រូវពិនិត្យនិង ចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋ ឲ្យបានត្រឹមត្រូវកុំអោយធ្លាក់ទៅលើ ដៃឯកជនមួយចំនួន»៕