(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត» ដោយចាត់ទុកថា គោរមងារនេះ ពិតជាស័ក្តិសមជាទីបំផុត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទទួលបានគោរមងារដ៏មហាកិត្តិយសឧត្តុង្គឧត្តម និងមានតែមួយគត់នេះ គឺពិតជាស័ក្តិសមជាទីបំផុត សម្រាប់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋកម្ពុជា ដ៏ច្រើនលើសលប់ ដែលបានបង្ហាញតាមរយៈការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ»

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕