(ភ្នំពេញ)៖ មនុស្សគ្រប់គ្នាមិនថា ក្មេង ឬចាស់ មាន ឬក្រ គឺអាចចាត់ទុកបានថា ជាមនុស្សថ្លៃថ្នូរ ទទួលបានការគោរពស្រលាញ់ ជឿទុកចិត្តពីអ្នកផង បានដោយសារភាពសច្ចៈ ស្មោះត្រង់ ពោលពាក្យពិតមិនកុហក មានភាពទទួលខុសត្រូវ ហ៊ានប្រព្រឹត្ត ហ៊ានទទួលខុសត្រូវ ផ្ទុយពីនេះប្រសិនបើមនុស្សនោះ និយាយបាតដៃខ្នងដៃ ក្រឡិចក្រឡុច គេចវេសយកតែរួចខ្លួន ប្រាកដជាមិនមានភាពថ្លៃថ្នូរសោះឡើយ និងនាំអន្តរាយដល់អ្នកជុំវិញខ្លួន នៅថ្ងៃណាមួយជាក់ជាពុំខាន។
អ្នកនយោបាយក៏ដូចគ្នា មានមហិច្ឆតាចង់ក្លាយជាអ្នកដឹកនាំប្រទេស ប៉ុន្តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាខ្វះភាពទទួលខុសត្រូវ គ្មានសច្ចៈភាព ច្បាស់ជាបរាជ័យអស់មួយជីវិត គ្មានថ្ងៃងើបរួច ប្រសិនបើបានដឹកនាំប្រទេសប្រាដកជាអន្តរាយដោយជៀសមិនរួច។
ឧទាហរណ៍ជាក់ស្តែងគឺប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ ជីវិតនយោបាយរបស់គាត់ចាប់តាំងពីបង្កើតគណបក្សសមរង្ស៊ី ឆ្នាំ១៩៩៥ រហូតមក ដល់បច្ចុប្បន្នគឺ ២១ឆ្នាំហើយ ដែលលោក សម រង្ស៊ី តែងទទួលបរាជ័យជាប់ជានិច្ច មិនដែលស្គាល់ពាក្យថា ឈ្នះម្តងណាទេ។ ចរិតរបស់បុគ្គលម្នាក់នេះ គឺចូលចិត្តដើរសន្យា ញុះញង់ បោកប្រាស់ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី ត្រូវបានគេកត់សម្គាល់ថា ជាមេបក្សអត្តនោម័តិនិយមក្នុងបក្ស ហើយច្រើនប្រើ របៀបដោះស្រាយបញ្ហាដោយគុំនុំ និងការសងសឹក។ ជាងនេះទៅទៀតហ៊ានប្រព្រឹត្ត ហ៊ាននិយាយបោកប្រាស់ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ របស់ខ្លួននោះទេ។ តើនេះឬជាអ្នកនយោបាយថ្លៃថ្នូរ?
ជាក់ស្តែងការបង្ហោះនៅលើទំព័រ Facebook របស់ប្រធានគណបក្សប្រឆាំងរូបនេះក៏ប្រទះឃើញមានការបំភ្លៃ បំភ័ន្តជាច្រើន រួមផ្សំជាមួយភាពមិន ទទួលខុសត្រូវរបស់បុគ្គល់ម្នាក់នេះផងដែរ។ ការបំភ័ន្តនោះមានដូចជា៖
១៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រ Facebook ផ្ទាល់ខ្លួននូវវីដអូ អត្ថាធិប្បាយ ដែលធ្វើឡើងដោយលោក ហុង សុខហួរ រឿងក្លែងសិទ្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ ពេលនោះលោក ហុង សុខហួរ បានក្លែងឯកសារថា «...ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិ ប្រទេសទាំងពីរ...»។ ក្រោយពីសមត្ថកិច្ចធ្វើការចោទប្រកាន់ និងចាប់ខ្លួនទៅលើលោក ហុង សខហួរ ភ្លាម គឺលោក សម រង្ស៊ី បានលុបចោលនូវវីដេអូ និងការអត្ថាធិប្បាយរបស់ខ្លួនភ្លាមៗផងដែរ ដើម្បីយករួចខ្លួនពីការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនេះ។
តើទង្វើយករួចខ្លួនតែឯង ហើយឲ្យកូនចៅទទួលទោសម្នាក់ឯងបែបនេះ សមជាអ្នកដឹកនាំថ្លៃថ្នូរដែរឬទេ?
២៖ នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានបង្ហោះវីដេអូសម្តេចព្រះ នរោត្តម សីហនុ ហើយបានធ្វើអត្ថាធិប្បាយចោទប្រកាន់សម្តេច ហេង សំរិន ថាបានឲ្យតុលាការកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ហើយថែមទាំងបានចោទប្រកាន់ថា ព្រះអង្គជាជនក្បត់ជាតិទៀតផង។ បន្ទាប់ពីសម្តេច ហេង សំរិន បានប្តឹងទៅលើលោក សម រង្ស៊ី ដែលបានចោទប្រកាន់រូបលោកភ្លាម គឺលោក សម រង្ស៊ី បានលុបការអត្ថាធិប្បាយចោទប្រកាន់ជាមួយវីដេអូនោះ ចោលភ្លាមដែរ និងបានបង្ហោះបំភ័ន្តសារជាថ្មីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ថា វីដេអូទៅវិញទេ ដែលបានជម្រុញឲ្យលោក ហេង សំរិន ប្តឹងគាត់ពីបទ បរិហាកេរ្តិ៍ ដែលធាតុពិតសម្តេច ហេង សំរិន ប្តឹងលោក សម រង្ស៊ី ចំពោះការធ្វើអត្ថាធិប្បាយចោទប្រកាន់បំផ្លើសសោះនោះ។ តើភាពបំភ័ន្តក្រឡិចក្រឡុចបែបនេះ សមជាអ្នកនយោបាយថ្លៃថ្នូរដែរឬទេ?
៣៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះវីដេអូដែលគាត់អង្គុយនៅសភាអ៊ឺរ៉ុប សុំឲ្យបិទការនាំចូលសំលៀកបំពាក់ពីកម្ពុជា កាលនោះមានបណ្តាញសារព័ត៌មានជាច្រើនផ្សព្វផ្សាយជុំវិញទង្វើនេះ ហើយលោក សម រង្ស៊ី ផ្ទាល់ក៏បានបង្ហោះផ្សាយព័ត៌មានពីវិទ្យុបារាំង RFI នៅលើទំព័រ Facebook ផ្ទាល់របស់គាត់ផងដែរ ដែលព័ត៌មាននោះមានចំណងជើងថា «លោក សម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញ ជាមួយលក្ខខណ្ឌ» ប៉ុន្តែក្រោយពីទទួលការរិះគន់នឹងទង្វើឆោតល្ងង់នេះពីសំណាក់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិទៀតនោះ លោក សម រង្ស៊ី ក៏បានលុបចោលការអត្ថាធិប្បាយ និងវីដេអូនេះ ហើយថែមទាំងបានចោទប្រកាន់សារព័ត៌មានទាំងនោះ ជាពិសេស វិទ្យុបារាំងថា បានផ្សាយខុស ថាគ្មានវិជ្ជាជីវៈសារព័ត៌មាន និងបកប្រែសម្តីគាត់ខុស។ ការចោទប្រកាន់នេះក៏ត្រូវបាននាយកគ្រប់គ្រងវិទ្យុបារាំងលោក Jean-François Tain ឆ្លើយតបទៅវិញ ៣ចំណុចថា៖
• ទី១- លោកដូចជាមានមោទនភាព ដែលបានយកព័ត៌មានពីវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១៧ ខែកក្កដា (លោកសមរង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ) ទៅផ្សាយនៅលើទំព័រ Facebook របស់លោកមុនសង្គ្រាមស្លាបប៉ាកា តែបែរនៅថ្ងៃនេះលោកបានបដិសេធ ព័ត៌មាននេះទៅវិញ។
• ទី២- បើសិនជាអ្វីដែលហៅថា វិជ្ជាជីវៈសារព័ត៌មាន នៅវិទ្យុបារាំងអន្តរជាតិអត់មានទេនោះ ហេតុអ្វីបានជាលោកយកព័ត៌មានហ្នឹង ទៅផ្សព្វផ្សាយបន្តនៅក្នុង Facebook របស់លោក។
• ទី៣- ខ្ញុំធ្វើការនៅក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំកន្លងមកហើយ ចំណែកលោកវិញ តាំងពីខ្ញុំស្គាល់មក លោកជាអ្នកនយោបាយតាំងពីដើម ហេតុដូច្នេះហើយបានជាខ្ញុំ មិនអាចអនុញ្ញាតប្រគល់សិទ្ធិឲ្យខ្លួនឯងនិយាយជាចំហរថា លោកមិនមែនជាអ្នកនយោបាយអាជីពនោះទេ។ ប៉ុន្តែជាមួយគ្នានេះ ខ្ញុំមានសំណូមពរមួយ «មិនបាច់បង្រៀនខ្ញុំឲ្យធ្វើកាសែតទេ»។
៤៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ភ្លាមៗក្រោយពីមានឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី គឺលោក សម រង្ស៊ី បានបង្ហោះមុនគេបង្អស់នៅលើទំព័រ Facebook របស់ខ្លួនដោយចោទរាជរដ្ឋាភិបាលថា ជាអំពើដែលរៀបចំដោយរដ្ឋអំណាច។ ការបង្ហោះនោះរក្សាដដែលរហូតមកដល់ថ្ងៃទី០១ ខែសីហា បន្ទាប់ពីមានពាក្យបណ្តឹងប្តឹងលោក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីសំណាក់មេធាវីរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមលោក សម រង្ស៊ី ក៏បានលុបការបង្ហោះនោះចោលទៀត។ តើទង្វើគ្មានការទទួលខុសត្រូវបែបនេះសមជាអ្នកដឹកនាំថ្លៃថ្នូរដែរឬទេ?
ខាងលើនេះគ្រាន់តែជាការដកស្រង់នូវទង្វើបំភ័ន្តមួយចំនួនតូច របស់ប្រធានគណបក្សប្រឆាំងមួយនេះដែលធ្វើឡើងនៅលើទំព័រ Facebook តែប៉ុណ្ណោះ ដើម្បីឲ្យដឹងថា តើដូចម្តេចដែលហៅថា អ្នកនយោបាយល្អមានភាពថ្លៃថ្នូរ នាំភាពរីកចំរើនដល់ជាតិយើង និងអ្នកនយោបាយសន្យាខ្យល់ បោកប្រាស់ នាំមកតែភាពហិនហោចដល់ប្រទេសជាតិ។ ទង្វើរបស់លោក សម រង្ស៊ី ទាំងអស់ខាងលើនេះបញ្ជាក់ថា ជាអ្នកនយោបាយចូលចិត្តញុះញង់ បំភ័ន្តប្រជាពលរដ្ឋខ្មែរ ឲ្យយល់ច្រលំមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍នយោបាយ ទោះបីជាទង្វើនោះប្រាសចាកពីការពិត គ្មានក្រមសីលធម៌ ដែលមិនស័ក្តិសមជាអ្នកនយោបាយយ៉ាងណាក៏ដោយ។ តាមរយៈចរិតនយោបាយរបស់លោក សម រង្ស៊ី អាចឲ្យយើងអាចដឹងបានយ៉ាងច្បាស់ថា គាត់ជាអ្នកនយោបាយប្រភេទណា? គឺនិយាយឲ្យចំទៅ ជាអ្នកនយោបាយគ្មានទំនួលខុសត្រូវ អ្នកនយោបាយវេចបង្វិចរត់ចោលស្រុក អ្នកនយោបាយក្រឡិចក្រឡុច អ្នកនយោបាយបោកប្រាស់ប្រជាពលរដ្ឋ និងអ្នកនយោបាយមើលស្រាលច្បាប់៕
អត្ថបទដោយ៖ បាន វិភាគ