(ឌូបៃ)៖ យោងតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Ahmed bin Saeed al-Maktoum បានឲ្យដឹងថា នៅក្នុងហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរនៅអាកាសយានដ្ឋានក្រុងទីក្រុងឌូបៃ បានបណ្ដាលឲ្យអ្នកពន្លត់អគ្គិភ័យម្នាក់ស្លាប់ និងអ្នកដំណើរ ១៣នាក់ផ្សេងទៀតរងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី០៤ ខែសីហា។
លោក Ahmed បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Emirates ទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកពន្លត់អគ្គិភ័យ ចំណែកអ្នកដំណើរដែលរងរបួសស្រាលនោះ មិនត្រូវបានបញ្ជាក់ឲ្យដឹងពីការទទួលបានសំណងឡើយ ហើយក៏មិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលបណ្ដាលឲ្យយន្តហោះដឹកអ្នកដំណើរនោះឆេះផងដែរ។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី០៣ ខែសីហាម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរ Boeing 777 របស់ក្រុមហ៊ុន Emirates ផ្ទុកមនុស្ស ៣០០នាក់ ជើងហោះហើរពីរដ្ឋ Kerala ប្រទេសឥណ្ឌា បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានក្នុងក្រុមហ៊ុនឌូបៃ អេមីរ៉ាត់ អារ៉ាប់រួម ដោយសំណាងល្អ មិនបណ្ដាលឲ្យអ្នកដំណើរស្លាប់ ឬរបួសធ្ងន់៕