(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក កាលពីប៉ុន្មានថ្ងៃមុននេះ ចំពោះការប្រកាសដោយចំហរក្នុងបណ្ដាញសង្គម Facebook របស់អ្នកនិពន្ធ សាន សេកសុខុម ថានឹងធ្វើការតវ៉ាចំពោះផលិតកម្ម Z Entertainment ដែលមិនបានគោរពសិទ្ធអ្នកនិពន្ធ ពោលគឺមិនបានរក្សាស្នាដៃរបស់ខ្លួន ឲ្យមហាជនបានដឹងនោះ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ កវីនិពន្ធ សាន សេកសុខុម បានប្រមូលផ្ដុំគ្នីគ្នាប្រមាណជិត១០ ដើម្បីធ្វើការតវ៉ាទាមទារឲ្យផលិតកម្ម Z Entertainment ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ស្របពេលផលិតកម្ម Z Entertainment កំពុងតែដាក់បញ្ចាំងរឿង«អមតៈ» នៅក្នុងរោងភាពយន្ត Legend ស៊ីធីម៉ល។
ការប្រកាស និងផ្ទុះកូដកម្មដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកនិពន្ធរឿង និងបទចម្រៀងនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងនេះ ត្រូវបានគេមើលឃើញថា នៅក្នុងបដារបស់ពួកគេ បានសរសេរពាក្យពេចន៍ធ្ងន់ៗ ហាក់បីដូចជាមានគំនុំគំគួន ជាមួយនឹងផលិតកម្ម Z Entertainment តាំងពីយូរណាស់មកហើយអ៉ីចឹង ខណៈដែលការតវ៉ានេះ ត្រូវបានផលិតកម្ម Z Entertainment បញ្ជាក់ជំហរយ៉ាងច្បាស់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក សាន សេកសុខុម ពីបទបរិហាកេរ្តិ៍ជាសាធារណៈគ្មានមូលដ្ឋានការពិត និងលាបពណ៌ផលិតកម្ម Z Entertainment ។
ក្នុងបដាក្រុមអ្នកតវ៉ា ដែលមានលោក សាន សេកសុខុម ជាអ្នកដឹកនាំកូដកម្មនេះ បានសរសេរប្រយោគជាច្រើនថា «ការលួចចម្លងកម្មសិទ្ធិបញ្ញាជាអំពើល្មើសច្បាប់, រឿងបោកអមតៈចាប់បញ្ចាំង ថ្ងៃនេះហើយ, ការកេងប្រវ័ញលើកម្លាំងពលកម្ម និងបំបាត់ស្នាដៃរបស់អ្នកនិពន្ធជាបទល្មើស, ផលិតកម្មZ Entertainment ត្រូវទទួលខុសត្រូវដោះស្រាយជាបន្ទាន់ និងមានឃ្លាថា ក្រោយពេលចាក់រឿង អមតៈ ចប់ ជូនពរឲ្យផលិតកម្ម Z ចប់តាមរឿងដូចគ្នា, ព្រមទាំងមានប្រយោគចោទប្រកាន់ ទៅលើផលិតកម្ម ជាច្រើនទៀត»។
ជុំវិញការផ្ទុះកូដកម្មទាំងកណ្ដាលថ្ងៃ ដ៏កម្រមានសម្រាប់អ្នកនិពន្ធនៅស្រុកខ្មែរនេះ អ្នកចាត់ការទូទៅប្រចាំក្នុងផលិតកម្ម Z Entertainment លោក ជា ឌីណាង បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិចថា ផលិតកម្ម Z Entertainment នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក សាន សេកសុខុម ដែលបានបំពាន លាបពណ៌ផលិតកម្មទាំងគ្មានការពិត ដោយប្ដឹងពី បទបរិហារកេរ្តិ៍ផលិតកម្ម។ ផលិតកម្មមិនបានលួចចម្លងកម្មសិទ្ធិបញ្ញា របស់លោក សាន សេកសុខុម នោះឡើយ។ ផលិតកម្មកំពុងតែពិចារណា ចំពោះទង្វើរបស់លោក សាន សេកសុខុម ដែលបានបំភ្លៃការពិតឲ្យទស្សនិកជន ភ័ន្តច្រឡំចំពោះផលិតកម្ម Z Entertainment ហើយនឹងមានវិធានការចំពោះបុគ្គលនេះ ក្នុងពេលឆាប់ៗនេះ ។
លោក ជា ឌីណាង បានបន្តទៀតថា លោកសូមទទូចដល់ទស្សនិកជន មេត្តាពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿលង់ទៅលើអ្វីមួយ ជាពិសេសការតវ៉ានេះ ថាតើនរណាខុស នរណាត្រូវ ដោយសូមឲ្យមានការថ្លឹងថ្លែងឲ្យបានច្បាស់ ព្រោះលោក សាន សេកសុខុម ក៏មានកំហុសឆ្គងច្រើនមកហើយដែរ កាលលោកនៅបំពេញការងារ ជាមួយនឹងផលិតកម្ម Z Entertainment ។
ដោយឡែកលោក សាន សេកសុខុម អង្គភាពសារព័ត៌មាន Fresh News នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមបានទេ នៅព្រឹកនេះ ខណៈដែលលោកកំពុងបង្ហាញវត្តមាន នៅកន្លែងកូដកម្មនៅលើយ៕
លោក សាន សេកសុខុម