(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺជាច្រើននាក់ បានបង្ហាញអារម្មណ៍សប្បាយ និងបង្ហាញទឹកមុខញញឹមរីករាយ ក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យនិរាករណ៍ ចោលឯកសារទាំងឡាយចំពោះការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ នៅខេត្តកំពង់ស្ពឺ ដែលបញ្ហានេះបានកើតឡើងដ៏រាំរ៉ៃយូរឆ្នាំមកហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ព័ត៌មានដែលលេចលឺគម្រោងសាងសង់ព្រលានយន្តហោះ គឺគ្មានទេ, មិនមានព្រលានយន្តហោះនៅទីនេះទេ។ ការប្រកាសនេះសម្តេចធ្វើឡើងខណៈដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធត្រូវ លុបចោលរាល់កិច្ចព្រមព្រៀងបេនឡាន និងផ្សារ បើសិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយត្រូវនិរាករណ៍រាល់ឯកសារ ដែលចង់ផ្លាស់ប្តូរបេនឡាន។
បន្ទាប់ពីមានបទបញ្ជាឲ្យនិរាករណ៍ ចោលឯកសារទាំងឡាយចំពោះការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ នៅខេត្តកំពង់ស្ពឺ បានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះបទបញ្ជារបស់នាយករដ្ឋមន្រ្តី ព្រោះថា ពួកគាត់មិនចង់ផ្លាស់ប្តូរបេនឡានទៅណានោះទេ ដោយពួកគាត់ធ្លាប់រកស៊ីនៅទីនេះយូរមកហើយ ហើយនៅទីនេះជិតងាយស្រួលរកស៊ី។
សូមបបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ នៅទីរួមខេត្តកំពង់ស្ពឺ ដែលតាមគម្រោងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាឈរកាន់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រែកតវ៉ាពាក់ព័ន្ធការចង់វិនិយោគបេនឡាន ក្រោយពេលដែលពួកគេដឹងថា សម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញមកកាន់ខេត្តមួយនេះ។ ប៉ុន្តែភ្លាមៗក្រោយទទួលដំណឹងថា សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់ដំណោះស្រាយ ដោយប្រកាសនិរាករណ៍រាល់ឯកសារចង់ វិនិយោគបេនឡាន, ផ្សារ ស្រាប់តែប្រជាពលរដ្ឋខាងលើ បានឈប់តវ៉ា ហើយប្រែក្លាយមករង់ចាំទទួលស្វាគមន៍សម្តេចទៅវិញ។
សូមបញ្ជាក់ថា គ្រាន់តែមកដល់ខេត្តកំពង់ស្ពឺភ្លាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យនិរាករណ៍ ចោលឯកសារទាំងឡាយ ចំពោះការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ និងព្រលានយន្តហោះ នៅខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានជីវភាពកាន់ តែល្អប្រសើរថែមួយកំរិតទៀត៕
សូមស្តាប់លោក វ៉ាន់ សារាយ រាយការណ៍ពីព័ត៌មាននេះពីខេត្តកំពង់ស្ពឺ៖