Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនប្រធានាធិបតីអាមេរិក Donald Trump កំពុងព្យាយាមលាក់បាំង ការបែកបាក់ក្នុងគណបក្សខ្លួនឯង

04-08-2016 12:11

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋលោក Donald Trump ត្រូវបានគេមើលឃើញ ថាកំពុងតែប្រឈមមុខនឹងភាព ខ្វែងគំនិត និងបែងចែកគ្នារវាងមេដឹកនាំធំក្នុងបក្ស និងម្ចាស់ជំនួយ ប៉ុន្តែលោកនៅតែ អះអាងថាគណបក្សនេះមានការរួបរួមដ៏ល្អប្រសើរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។

លោក Trump បានថ្លែងនៅក្នុងពិធីជួបជុំមួយនៅវាលខ្សាច់ទីក្រុង Daytona រដ្ឋផ្លូរីដាដូច្នេះថា «យុទ្ធនាការនេះ គឺកំពុងតែប្រព្រឹត្តប្រកបដោយភាពប្រសើរឡើងជាទីបំផុត។ ពីមុនមក វាមិនដែលមានការរួបរួមគ្នាដ៏ប្រសើរបែប នេះឡើយ។ បច្ចុប្បន្ននេះ ស្ថានភាពគឺប្រសើរឡើងជាងពេលណាទាំងអស់ តាំងពីយើងបានចាប់ផ្តើមមក។ ខ្ញុំគិតថា យើងមិនធ្លាប់ដែលបានជួបប្រទះការរួបរួមបែបនេះឡើយ»។

គួរបញ្ជាក់ថាការលើកឡើងរបស់ Trump នេះបានកើតឡើងបន្ទាប់ពីបណ្តាមេដឹកនាំកំពូលៗក្នុងគណបក្ស សាធារណរដ្ឋ បានរួមគ្នារិះគន់រូបលោកយ៉ាងខ្លាំង ចំពោះទង្វើដែលលោក Trump បានធ្វើកន្លងមក ដូចជាការឈ្លោះ គ្នាជាមួយនឹងឪពុកម្តាយរបស់ទាហានអាមេរិកកាត់ម៉ូស្លីម ម្នាក់ដែលបានស្លាប់ក្នុងសង្គ្រាមនៅអ៊ីរ៉ាក់។ លោក Trump ក៏បានបង្ហាញចេញនូវភាពស្ទាក់ស្ទើរក្នុងការគាំទ្រប្រធានសភាមកពីគណបក្សសាធារណរដ្ឋ Paul Ryan និងសមាជិក ព្រឹទ្ធសភា John McCain ឲ្យកាន់តំណែងដដែលនៅអណត្តិថ្មីថែមទៀតផង៕