(ភ្នំពេញ)៖ ក្រុមការងារស្រាវជ្រាវ បានស្នើសុំឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើស្បែក និងកាមរោគ ក៏ដូចជាក្រសួងសុខាភិបាល ជួយពង្រីក និងជំរុញឱ្យមានការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិច នៅតាមមន្ទីរពេទ្យគ្លីនិក ដែលមានផ្តល់សេវាព្យាបាលជំងឺអេដស៍ផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា។

ការស្នើសុំរបស់ក្រុមការងារស្រាវស្រាវ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្ដីពី ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងវិស័យសុខាភិបាល ដើម្បីរក្សាអ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជា ឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាល នៅថ្ងៃទី០៨ សីហា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីក្រុមការងារស្រាវជ្រាវរកឃើញថា ការប្រើប្រាស់នូវ tablet ជាឧបករណ៍បច្ចេកវិទ្យា សម្រាប់សម្រួលក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំងឺ និង អ្នកផ្តល់សេវា និងការបណ្តុះបណ្តាលអំពីវិធីសាស្ត្រប្រាស្រ័យទាក់ទង រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា ពិតជាអាចជួយធ្វើឱ្យមានភាពប្រសើរឡើង នូវការប្រើប្រាស់សេវាព្យាបាលមេរោគអេដស៍ ។

លោកសាស្ត្រាចារ្យបានបន្តថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងទទួលបានការឧបត្ថម្ភថវិកាពី អង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច បានរៀបចំគម្រោងសិក្សា ស្ដីពី ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងវិស័យសុខាភិបាល ដើម្បីរក្សា អ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជាឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាលមានរយៈពេល២ឆ្នាំ ចាប់ពីចុងឆ្នាំ២០២០ រហូតដល់ចុង ឆ្នាំ២០២២ អនុវត្តនៅតាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាល ជំងឺអេដស៍ សរុបចំនួន ០៨ ដែល ៤កន្លែង ក្នុងរាជធានីភ្នំពេញ ១កន្លែងក្នុងខេត្តកណ្តាល និង៣កន្លែងទៀត ក្នុងខេត្តបន្ទាយមានជ័យ។

លោកសាស្ត្រាចារ្យបានបន្តថា ជាលទ្ធផលស្រាវជ្រាវរកឃើញថា អ្នកផ្តល់សេវាព្យាបាលជំងឺអេដស៍ភាគច្រើន គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ ទំនងក្នុងវិស័យសុខាភិបាល និងយល់ឃើញថា ទំនាក់ទំនងពីចំងាយតាមរយៈបច្ចេកវិទ្យាបានជួយសម្រួលយ៉ាងខ្លាំង ដល់ការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកជំងឺ ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩ ។

ជាមួយគ្នានេះដែរ អ្នកផ្តល់សេវាព្យាបាលជំងឺអេដស៍ ដែលចូលរួមក្នុងគម្រោងនេះ នៅតែរក្សាការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជាមួយអ្នកជំងឺមួយចំនួន ដែលពេលខ្លះមាន ការលំបាកក្នុងការធ្វើដំណើរការមកទទួលសេវាព្យាបាលដោយផ្ទាល់នៅតាមមន្ទីរពេទ្យ គ្លីនិកសេវាព្យាបាលជំងឺអេដស៍ ទោះជាគម្រោងសិក្សាយើងបានបញ្ចប់ទៅហើយ។

ចំណែកមន្ត្រី-បុគ្គលិកសុខាភិបាលភាគច្រើន ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងអ្នកជំងឺ និងអ្នកផ្ដល់សេវាសុខាភិបាល ជាមួយអ្នកជំនាញផ្នែក community engagement យល់ឃើញថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់បទពិសោធន៍ និងមេរៀនល្អៗ ដល់ពួកគាត់ ក្នុងការរៀបចំពាក្យសម្តី និងអាកប្បកិរិយា ដើម្បីឲ្យ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ រឹតតែមានភាពប្រសិទ្ធិភាព និងប្រកបដោយ មេត្តាធម៌។

លើសពីនេះទៀតអត្រាអ្នកជំងឺបាត់ពីសេវាព្យាបាល ប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះមន្ទីរពេទ្យ/គ្លីនិកសេវាព្យាបាល ជំងឺអេដស៍ទាំង ៥ កន្លែង ក្រោយពីគម្រោងសិក្សាបានផ្ដល់ Tablets សម្រួលដល់ទំនាក់ទំនងពី ចម្ងាយ រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា និងផ្តល់ការបណ្តុះបណ្តាល ស្ដីពីការបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងអ្នកជំងឺ និងអ្នកផ្តល់សេវាសុខាភិបាល ដល់មន្ត្រី-បុគ្គលិកមន្ទីរពេទ្យ គ្លីនិកទាំងនោះ។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា គម្រោងសិក្សានេះ មួយផ្នែកជាការជំរុញនូវទំនើបកម្មក្នុងការផ្តល់សេវាក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល របស់ប្រទេសកម្ពុជា និងមួយផ្នែកទៀត បានផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញខាង Community Engagement ជួយពង្រឹងសមត្ថភាព និងឥរិយាបទល្អរបស់មន្ត្រី-បុគ្គលិកសុខាភិបាលយើង ដែលជាអ្នកផ្តល់សេវាសុខាភិបាល ក្នុងការរក្សាទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អជាមួយអ្នកជំងឺរបស់គាត់។

លោករដ្ឋលេខាធិការបានបន្តថា ភស្តុតាងជាក់ស្តែងទទួលបានពីលទ្ធផលស្រាវជ្រាវនេះ គឺអ្នកជំងឺបាត់ពីសេវាព្យាបាលប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះមន្ទីរពេទ្យ/គ្លីនិកសេវា ព្យាបាលជំងឺអេដស៍ទាំង ៥កន្លែង ក្រោយពីបានអនុវត្តយន្តការប្រាស្រ័យទាក់ទង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាជាមួយអ្នកជំងឺនេះ។

តាមការគូសបញ្ជាក់របស់លោកវជ្ជបណ្ឌិត ងូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឱ្យដឹងថា តាមការប៉ាន់ស្មាន ដោយអង្គការ UNAIDS ឆ្នាំ២០២២ ចំនួនអ្នកឆ្លងថ្មី នៃមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះពី ១៥,០០០នាក់ ក្នុងឆ្នាំ១៩៩៧ មកនៅត្រឹម ១,៤០០នាក់ ក្នុងឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២២នេះដែរ ទោះបីជាមានការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ ក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបានលទ្ធផលល្អ ក្នុងការគ្រប់គ្រងការឆ្លើយតបនឹងជំងឺអេដស៍ ក្នុងនោះអត្រាប្រវាឡង់នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនពេញវ័យ (អាយុពី ១៥ ដល់ ៤៩ឆ្នាំ មានត្រឹមតែ ០,៥% ប៉ុណ្ណោះ។
ក្នុងចំណោមករណីឆ្លងថ្មីនៃមេរោគចំនួន ១,៤០០នាក់ ក្នុងឆ្នាំ២០២២ ក្នុងនោះ ៨៣% គឺស្ថិតក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ និងដៃគូរួមភេទរបស់គាត់ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស (MSM) ៤០% និងក្រុមអ្នកបំលែងភេទ (១២%) ស្រ្តីបម្រើសេវាកំសាន្ត (៧%)៕