(ឡុងដ៍)៖ យោងតាមការបញ្ជាក់ពីប៉ូលិសប្រចាំទីក្រុងឡុងដ៍ បានឲ្យដឹងថា ជនសង្ស័យក្នុងករណីវាយប្រហារបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់រងរបួសនោះ មានអាយុ ១៩ឆ្នាំ ហើយប្រហែលជាមានបញ្ហាផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
បើទោះបីជាប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញា ឬព័ត៌មានលម្អិតណាមួយទាក់ទងនឹងជនសង្ស័យវាយប្រហារដោយកាំបិតនៅកណ្ដាលទីក្រុងឡុងដ៍ក្ដី ប៉ុន្តែមន្ត្រីប៉ូលិសជាន់ខ្ពស់ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យប្រហែលជាមានបញ្ហាសុខភាពផ្លូវចិត្ត និងមិនមានពាក់ព័ន្ធក្នុងករណីភេរវកម្មនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីមានករណីវាយប្រហារនេះ ប៉ូលិសទីក្រុងឡុងដ៍ និងភ្នាក់ងារស៊ើបអង្កេតបានធ្វើការឃុំខ្លួនជនសង្ស័យ និងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឲ្យដឹងពីមូលហេតុច្បាស់លាស់៕