(បាងកក)៖ ប្រទេសថៃនឹងមានការបោះឆ្នោតធ្វើប្រជាមតិមួយ ដើម្បីសម្តែងការគាំទ្រចំពោះរដ្ឋធម្មនុញ្ញថ្មី ដែលរៀបចំឡើងដោយរដ្ឋាភិបាលយោធា ដើម្បីបង្ក្រាបគណបក្សនយោបាយ និងផ្តល់អំណាចដល់អគ្គមេបញ្ជាការយោធាជា អចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យមើលការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
ទោះបីជាការបោះឆ្នោត ចេញលទ្ធផលបែបណាក៏ដោយក៏នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសរួច ហើយថា លោកនឹងមិនចុះចេញពីតំណែងបច្ចុប្បន្ននោះឡើយ ដោយត្រូវរង់ចាំដល់ឆ្នាំ ២០១៧ ដែលនឹងមានការរៀបចំបោះឆ្នោត សកលទៅតាមផែនការដែលបានកំណត់។ សម្រាប់រដ្ឋធម្មនុញ្ញថ្មី នឹងអនុញ្ញាត ឲ្យយោធាថៃកាន់តួនាទីកាន់តែខ្លាំងជាងមុន ហើយមានអណត្តិ ២០ឆ្នាំក្នុងការតាមដានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលខ្លួនជាអ្នកតម្រង់ទិសឲ្យរដ្ឋាភិបាលស៊ីវិល។
នៅក្នុងជំពូកថ្មី ដែលជំនួសឲ្យជំពូកចាស់ក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានហែកចោលក្រោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ នោះ អសនៈក្នុងព្រឹទ្ធសភាមួយចំនួននឹងត្រូវជំនួសដោយអគ្គមេបញ្ជាការយោធា ហើយវាក៏ជាការត្រួតពិនិត្យការ ប្រើប្រាស់អំណាចរបស់សមាជិកសភា ដែលជាប់ឆ្នោតផងដែរ។ យោធាថៃបានបង្ហាញពីបំណងចង់លូកដៃចូលបញ្ហា នានាតាមដែលអាចធ្វើទៅរួច តាមរយៈការធ្វើឲ្យអំណាចគណបក្សនយោបាយនានាចុះថយ និងបញ្ចូលវត្តមានយោធា ជាអចិន្ត្រៃយ៍ដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលជាប់ឆ្នោតថ្មី៕