(ភ្នំពេញ)៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបាន ថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវត្តគៀនឃ្លាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា «ដោយអនុវត្តន៍តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខភូមិ-សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច នៅខណៈដែលកម្លាំងនគរបាលយើងបានសហការបន្ត ដាក់គោលដៅដើម្បី យាមល្បាតក្នុងភូមិសាស្ត្រខណ្ឌ ទាំងមូលនោះក៏ប្រទះឃើញយុវជន មានបក្ខពួក ៥នាក់ជិះម៉ូតូ៣គ្រឿង ដោយមានការសង្ស័យទើបធ្វើការឃាត់ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកក៣កញ្ចប់ ដែលជនទាំងនេះបានលាក់ទុកក្នុងខ្លួន»។
លោកបន្ដថា បន្ទាប់ពីឃាត់ខ្លួនសួរនាំជាបន្តបន្ទាប់ ជនត្រូវសង្ស័យទាំងនាក់ បានឆ្លើយសារ ភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅជក់រួមជាមួយគ្នា។
លោក ឯក សេរីវុធ បានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១-ឈ្មោះម៉ៅ សាន អាយុ២៧ឆ្នាំ ទី២-ឈ្មោះម៉ៅ ដារី អាយុ២០ឆ្នាំ ទី៣-ឈ្មោះអ៊ុ វិន អាយុ២២ឆ្នាំ ទី៤-ឈ្មោះបាត់ កាយា អាយុ២៧ឆ្នាំ ទី៥-ឈ្មោះកើ ស៊ូកូត អាយុ២៤ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕