(ភ្នំពេញ)៖ «កិត្តិទេសាភិបាលបណ្ឌិត» របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានន័យថា «អ្នកប្រាជ្ញដ៏ខ្ពង់ខ្ពស់បំផុត ដែលគ្រប់គ្រងរដ្ឋដ៏ប្រសើរបំផុត»។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់មកបណ្តាញព័ត៌មាន Fresh News ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។
លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា «កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា ជាអ្នកប្រាជ្ញដ៏ខ្ពង់ខ្ពស់បំផុត ដែលមកថែរក្សាប្រទេស ដែលមកគ្រប់គ្រងអស់អ្នកប្រាជ្ញទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជា។ គោមងារនេះ មានន័យថា កិត្តិយសក៏ខ្ពស់ខ្ពស់ អភិបាលក៏ខ្ពង់ខ្ពស់ ចំណេះដឹងក៏ខ្ពង់ខ្ពស់។
សូមជម្រាបថា ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕