(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅសាលាកងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហាន នៃកងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សីុន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ជាពិសេសក៏មាន ការចូលរួមពីលោក វរសេនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ឧត្តមសេនីយ៍ទោ នាយកសាលា បានឱ្យដឹងថា ដោយអនុវត្តតាមផែនការ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លេខ១៣\២០១៦ ផ.ក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ សាលាបានទំនាក់ទំនង ជាមួយជំនាញផ្សេងៗ ដើម្បីដំណើរការរៀបចំការរៀនសូត្រ ឱ្យបានតាមផែនការកំណត់។
ឧត្តមសេនីយ៍ទោ បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុប១០១ថ្ងៃ មុខវិជ្ជាដែលត្រូវហ្វឹកហ្វឺនរៀនសូត្រមាន វិទ្យាសាស្ត្រសង្គម យោធា កងរាជអាវុធហត្ថ ច្បាប់ អប់រំចិត្តសាស្ត្រ និងទស្សនកិច្ចសិក្សា។ ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ក៏បានរាយការណ៍ពីការចំណាយថវិកា ក្នុងវគ្គបំប៉ននេះ មានជាអាទិ៍ ធានាការហូប ទិញសម្ភារៈសិក្សា និងឧបត្ថម្ភយោធាចារ្យសរុបអស់ប្រាក់៥៤,៧៥១,១២០រៀល ក្នុងនោះទទួលពីក្រសួងការពារជាតិ ចំនួន ១៧,៥៧៤,០០០រៀល ថវិកាឧបត្ថម្ភដោយនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
សូមបញ្ជាក់ថា សិក្ខាកាមវគ្គនេះ បានប្រឡងបញ្ចប់ទទួលលទ្ធផលខ្ពស់ គឺជាប់ស្ថាពរចំនួន ៥៦នាក់ស្មើនឹង ១០០% ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសរួមមាន៖ ល្អណាស់ចំនួន៣នាក់ ល្អចំនួន ៤១នាក់ និងមធ្យមចំនួន ១២នាក់៕