(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅទីរួមខេត្តកំពង់ស្ពឺ ដែលតាមគម្រោងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាឈរកាន់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រែកតវ៉ាពាក់ព័ន្ធការចង់វិនិយោគបេនឡាន ក្រោយពេលដែលពួកគេដឹងថា សម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញ មកកាន់ខេត្តមួយនេះ។ ប៉ុន្តែភ្លាមៗក្រោយទទួលដំណឹងថា សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់ដំណោះស្រាយ ដោយប្រកាសនិរាករណ៍រាល់ឯកសារចង់ វិនិយោគបេនឡាន, ផ្សារ និងព្រលានយន្តហោះនោះ ស្រាប់តែប្រជាពលរដ្ឋខាងលើ បានឈប់តវ៉ា ហើយប្រែក្លាយមករង់ចាំទទួលស្វាគមន៍សម្តេចទៅវិញ។
ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងទឹកមុខញញឹមយ៉ាងស្រស់ស្រាយ បាននិងកំពុងឈររង់ចាំទទួលសម្តេច នៅព្រឹកថ្ងៃនេះ ក្រោយពេលដែលសម្តេច នឹងបញ្ចប់ការសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយអញ្ជើញចូលផ្សារកំពង់ស្ពឺ ដើម្បីជួបជាមួយក្រុមអាជីវករ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គ្រាន់តែមកដល់ខេត្តកំពង់ស្ពឺភ្លាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យនិរាករណ៍ចោលឯកសារទាំងឡាយ ចំពោះការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ និងព្រលានយន្តហោះ នៅខេត្តកំពង់ស្ពឺ ដែលបញ្ហានេះបានកើតឡើងដ៏រាំរ៉ៃមកហើយនោះ។
សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធត្រូវលុបចោលរាល់កិច្ចព្រមព្រៀង នៃការសាងសង់ព្រលានយន្តហោះ បើសិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយត្រូវនិរាករណ៍រាល់ឯកសារ ដែលចង់ផ្លាស់ប្តូរបេនឡាន៕