(ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ មន្ដ្រីនៃសាខា (ក.ប.ប) រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាន មន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារធំថ្មី ដោយបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងស្រង់យក សំណាគំរូ ជាក់ស្តែង បានចំនួន៥៣ មានដូចជា៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ មើមខ្ទឹមសរ ខ្ទឹមក្រហម សរសៃគុយទាវ មី...។ ល។ យកមកវិភាគនៅក្នុង រថយន្តពិសោធន៍ ជាលទ្ធផល ពុំមានវត្តមានសារ ធាតុគីមីហាមឃាត់ទេ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញ យកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែម នូវសារធាតុគីមីហាមឃាត់ណាមួយដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងក៍បានបន្តណែនាំដល់អាជីវករទាំងអស់ឱ្យដាក់តាំងលក់ ផលិតផលឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែក ដាច់ចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលជាសារធាតុពុល និងម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

លោក ហេង មាលី បានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមានអនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោកក៏បានណែនាំដល់អាជីវករដទៃឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត។

ក្នុងប្រតិបត្តិការខាងលើនេះគេឃើញប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាព ម្ហូបអាហារ ក៏ដូចជាការពារសុខភាព និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ៕