(ភ្នំពេញ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយផលិតផល និងកញ្ចប់ទេសចរណ៍ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ បានសហការណ៍ជាមួយភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាទេសចរណ៍ម៉ាឡេស៊ី នៅរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំទៅដោយការណាត់ជួបរវាងសាជីវកម្មទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី (B2B) រួមទាំងការចងជាសក្ខីភាព រវាងភ្នាក់ងារទេសចរណ៍ តំណាងសណ្ឋាគារ រមណីយដ្ឋាន និងម្ចាស់ផលិតផលមកពីប្រទេសទាំងពីរ។
សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមាបលោកឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា H.E. Datuk Eldee Husaini Mohd Hashim និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងមានការចូលរួមដោយក្រុមហ៊ុនឧស្សាហកម្មទេសចរណ៏ធំៗពីប្រទេសម៉ាឡេស៊ី ចំនួន១៤ ដែលក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏ចំនួន១ ពីប្រទេសកម្ពុជាមាន Malaysia Airlines, AirAsia, Lanmei Airlines Cambodia, AnCasa Hotels & Resorts, Grand Ion Delemen Hotel Genting Highlands, Holiday Inn Express & Suites Johor Bahru, ibis Hotel Kuala Lumpur City Centre, Mercure Kuala Lumpur Shaw Parade, Asia Delight Tours & Travel, Columbia Leisure, E Like Travel & Tours, GIT Tours & Travels, Harvest Vacations និង Marine Discovery Holidays។
លើកឡើងនាឱកាសនោះ លោក Datuk Eldeen Husaini បានថ្លែងថា យើងនឹងទន្ទឹងរង់ចាំដោយស្មោះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារទេសចរណ៍ក្នុងស្រុកនៅទីនេះ ក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ ២០២៤ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅរបស់ខ្លួនក្នុងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ជាង១៦លាននាក់ ជាមួយនឹងប្រាក់ចំណូលពីទេសចរណ៍ចំនួន ៤៩.២ ពាន់លាន រីងហ្គីត(RM)។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានថ្លែងដែរថា វេទិកាភ្ជាប់បណ្តាញវិស័យទេសចរណ៍នេះ ជាព្រឹត្តិការណ៍ថ្មីមួយទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ីនៅក្នុងឧស្សាហកម្មទេសចរណ៍។ ជំនួបនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដ៏អស្ចារ្យ ធ្វើឱ្យកិច្ចសហការកាន់តែជិតស្និទ្ធនិងការយោគយល់គ្នាក្នុងចំណោមអ្នកប្រកបរបរទទួលទានលើវិស័យទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថា ម៉ាឡេស៊ីតែងតែជាជម្រើស Top 4 សម្រាប់ប្រជាជនកម្ពុជា សម្រាប់ការធ្វើដំណើរក្នុងគោលបំណងផ្សេងៗដូចជា សម្រាកលំហែ ក្រេបទឹកឃ្មុំ ពិនិត្យសុខភាព និងជំនួញ។
នាឱកាសនោះដែរ លោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីនៅកម្ពុជា បានឱ្យដឹងដែរថា ពួកយើងនឹងផ្តល់ជាកម្លាំងចិត្តចាំជម្រុញនិងគាំទ្រគំនិតផ្តួចផ្ដើមកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីនាំភ្ញៀវទេសចរកម្ពុជាឱ្យកាន់តែច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី។ យើងសង្ឃឹមថានឹងជំរុញទឹកចិត្តដៃគូពាណិជ្ជកម្មទេសចរណ៍របស់យើងឱ្យផ្សព្វផ្សាយវិស័យទេសចរណ៏ម៉ាឡេស៊ីប្រកបដោយទំនុកចិត្ត ដើម្បីជាលទ្ឋផលជោគជ័យនៅកម្ពុជាវិញ។
លោកស្រី រ៉ានី បានបន្ថែមដែរថា ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់ទីក្រុងគូឡាឡាំពួ ដែលនឹងត្រូវបានផ្ដល់ជូនបន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនាពេលខាងមុខនេះសម្រាប់ជម្រើសនៃទិសដៅ និងកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី។ ហើយក៏ដើម្បីធានាថា ការិយាល័យក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីរបស់យើងនៅភ្នំពេញនឹងជួយជម្រុញនិងគាំទ្រគំនិតផ្ដួចផ្ដើមកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីនាំភ្ញៀវទេសចរកម្ពុជាឱ្យកាន់តែច្រើនទៅទស្សនាប្រទេសម៉ាឡេស៊ី
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ម៉ាឡេស៊ីបានស្វាគមន៍ការមកដល់ពីកម្ពុជាចំនួន 97,097នាក់។ ភ្ញៀវទេសចរកម្ពុជាចំនួន 39,823 នាក់ត្រូវបានកត់ត្រាទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ ពីការបើកព្រំដែនអន្តរជាតិរបស់ម៉ាឡេស៊ីឡើងវិញក្នុងខែមេសា ឆ្នាំ 2022៕