(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកស្រី កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ស្រ្តីពិការ ងាយនឹងទទួលរងគ្រោះ ដោយសារអំពើហិង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ទៅទៀត។
លោកស្រីថ្លែងបែបនេះ ពេលបានអញ្ជើញចូលជាអធិបតី ក្នុងការបើក និងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្ត រយៈពេល ១ឆ្នាំ របស់គណៈកម្មការវេទិកាស្រ្តីពិការមានពិការភាព នៃសមាគមតន្រ្តីសំនៀងជនពិការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ជនពិការភ្នែករស់នៅ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកស្រី ញ៉ែម មរកត បានកោតសរសើរដល់ ជនមានពិការភាពភ្នែក និងកាយសម្បទា ដែលបានរៀបចំកិច្ចប្រជុំស្តីអំពី «គណៈកម្មការវេទិកាស្ត្រីពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការ ពិនិត្យមើលរបាយការណ៍ប្រចាំឆ្នាំ និងរៀបចំផែនការសកម្មភាពបន្តរយៈពេល ១ឆ្នាំ។ លោកស្រី ញ៉ែម មរកត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកស្រីកិត្តិបណ្ឌិត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី មកជូនជនមានពិការភាពភ្នែកទាំងអស់គ្នានៅក្នុងសមាគម។
លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងចូលរួមលុបបំបាត់ការរើសអើងចំពោះជនមានពិការភាពជាពិសេសស្ត្រីមាន ពិការភាព។ លោកស្រីបន្តថា ប្រទេសកម្ពុជា មានអត្រាជនពិការខ្ពស់ នៅក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយសារប្រទេសយើងបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យ ពូជសាសន៍ បន្សល់ទុកនូវផលវិបាក និងបញ្ហាប្រឈមជាច្រើនដូចជា គ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌ អាវុធជាតិផ្ទុះ កំណើនគ្រោះថ្នាក់ចរាចរណ៍ ឧប្បតិ្តហេតុ និងគ្រោះថ្នាក់ក្នុងការងារផ្សេងៗ ។ល។
បើតាមលោកស្រី ញ៉ែម មរកត ការសិក្សាស្រាវជ្រាវ ប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា បានបង្ហាញឲ្យឃើញដែរថា ស្រ្តីពិការងាយនឹងទទួលរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ច្រើនជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។
យោងរបាយការណ៍សង្ខេបរបស់កញ្ញា ក្រឹម ឡុង អនុប្រធានសមាគម ទទួលបន្ទុកផ្នែកគណៈកម្មការវេទិកាស្រ្តីពិការភាព នៃសមាគមតន្រ្តីសំនៀងជនពិការ បានដឹងថា គណៈកម្មការវេទិកាស្រ្តីមានពិការភាព បង្កើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពី លោកស្រី ញ៉ែម មរកត និង លោក ចាប តូ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង និងបង្កើតបាន ២១ក្រុម ដឹកនាំដោយស្ត្រីមានពិការភាពភ្នែកទាំងអស់ ក្នុងនោះសមាជិកមាន សរុបចំនួន ២៨៧នាក់ ដោយបានធ្វើកិច្ចការលើវិស័យចំនួន ៥ គឺ វិស័យអប់រំ សុខាភិបាល ការងារ សេដ្ឋកិច្ច និងច្បាប់។
គណៈកម្មការវេទិកាស្ត្រីពិការភាពនៃសមាគមតន្ត្រីសំនៀងជនពិការ បានចូលរួមវគ្គបណ្តុះបណ្តាលដូចជា៖
* ពិធីករ ពិធីការិនី មានស្ត្រីចូលរួមចំនួន ២៤នាក់
* សុខភាពផ្លូវចិត្ត មានស្ត្រីចូលរួមចំនួន ៩នាក់
* ផ្នែកចម្រៀង មានស្ត្រីចូលរួមចំនួន ១៩នាក់
* សមភាព សមធម៌ យេនឌ័រ មានស្ត្រីចូលរួមចំនួន ៩នាក់
* ផ្នែកអក្សរស្ទាប កុំព្យូទ័រ និងភាសាអង់គ្លេស មានស្ត្រីចូលរួមចំនួន ៧នាក់
* ផ្នែកកសាងផែនការណ៍ មានស្ត្រីចូលរួមចំនួន ៩នាក់
* ផ្នែកប្រទាក់ក្រឡាក្នុងការអនុវត្តន៍ មានស្ត្រីចូលរួមចំនួន ១១នាក់
* ផ្នែកសុខភាពបន្តពូជ មានស្ត្រីចូលរួមចំនួន ៥០នាក់
* ផ្នែកសហគ្រិនភាព មានស្ត្រីចូលរួមចំនួន ៣នាក់
* ផ្នែកម៉ាស្សា មានស្ត្រីចូលរួមចំនួន ៤១នាក់
* ផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ មានស្ត្រីចូលរួមចំនួន ២០នាក់
* ផ្នែកគណនេយ្យភាពសង្គម មានស្រ្តីចូលរួមចំនួន ៦នាក់
* ផ្សព្វផ្សាយបន្តដល់ស្រ្តីក្នុងសហគមន៍ មានស្រ្តីចូលរួមចំនួន ១៥០នាក់
* ផ្នែកមីក្រូហិរញ្ញវត្ថុចម្រើន មានស្រ្តីចូលរួមចំនួន ១២០នាក់
* លទ្ធផលសរុបចំនួន ៤៣៩នាក់។
កន្លងមកគណៈកម្មការវេទិកាស្ត្រីពិការភាព បានចូលរួមសម្របសម្រួលដោះស្រាយរាល់បញ្ហាផ្សេងៗរបស់ស្ត្រី ដែលមានពិការភាពមានដូចជា៖ ជម្លោះក្នុងគ្រួសារ ទំនាស់ដីធ្លី អំពើហិង្សា ជួយសម្របសម្រួលឱ្យកូនៗពួកគាត់បានទៅរៀននៅសាលាឯកជនដោយមិនបង់ប្រាក់ ព្រមទាំងកៀរគរ នាំជនពិការភ្នែកទៅពិនិត្យសុខភាពនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងឯកជន រៃអង្គាសថវិកាជួយឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាត គ្រួសារជនពិការដែលទទួលមរណភាព និងចូលរួមក្នុងកម្មវិធីបុណ្យទានផ្សេងៗ។
ថ្នាក់ដឹកនាំគណៈកម្មការវេទិកាស្រ្តី បានចូលរួមសកម្មភាព ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូររបស់ក្រសួងកិច្ចការនារី ដើម្បីលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីពិការភាព លុបបំបាត់គ្រឿងញៀន ផ្តល់ឈាម យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ចូលរួមបា្ររព្ធពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ទិវាសារព័ត៌មាន ទិវាវប្បធម៌ជាតិ ទិវាជនមានពិការភាព ៣ធ្នូ។
លោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាប្រធានសមាគម បានលើកឡើងថា ក្រសួង ស.អ.យ. មានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ជនមានពិការភាពតាមប្រភេទ៖
* កម្រិត ១ ចំនួន ២៤០,០០០រៀល (ពីររយសែសិបពាន់រៀល)
* កម្រិត ២ ចំនួន ១២០,០០០រៀល (មួយរយម្ភៃពាន់រៀល)
* កម្រិត ៣ ចំនួន ៦០,០០០រៀល (ហុកសិបពាន់រៀល)។
នៅពេលខាងមុខនេះ ក្រសួង ស.អ.យ. នឹងចែកប័ណ្ណអត្តសញ្ញាណកម្មដល់ជនមានពិការភាព ដែលជាសមាជិកសមាជិកានៃសមាគមតន្ត្រីសំនៀងជនពិការ នៅសាលាសង្កាត់គោករការខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ ស្រី្តមានពិការភាព ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នឹងឧបត្ថម្ភសាច់ប្រាក់បន្ថែមដល់ស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន ទទួលបានសាច់ប្រាក់ឧបត្ថម្ភចំនួន ១៥ លើក សរុបចំនួនទឹកប្រាក់ ១,៤៦០,០០០ រៀល (មួយលានបួនរយហុកសិបពាន់រៀល) (ពិនិត្យផ្ទៃពោះម្តង ៨០,០០០រៀល x ៤ដង , សម្រាល មួយដង ៤០០,០០០ រៀល , ចាក់វ៉ាក់សាំងកូន ចាប់ពីអាយុ ១ខែ ដល់ ២ឆ្នាំ ៨០,០០០ រៀល x ១០ដង)។
គោលនយោបាយក្រសួង ស.អ.យ. មានដូចជា៖
* គោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ
* គោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍
* គោលនយោបាយស្តីពីមនុស្សវ័យចាស់ ២០១៧ ដល់ ២០៣០
* គោលនយោបាយជាតិគាំពារសង្គម
* គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ
* គោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរបស់រដ្ឋ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានយកចិត្តទុកដាក់ និងសណ្តោសប្រណី ដល់ជនមានពិការភាព នៅក្នុងប្រទេសកម្ពុជាលើកកម្ពស់សិទ្ធិនិងកិច្ចគាំពារ ស្តារលទ្ធភាពពលកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារ មុខរបរ និងលើកកម្ពស់វិស័យអប់រំ៕