(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា វេទិកានេះនឹងមានការអញ្ជើញចូលរួមជាកិត្តិយសដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មនៃស្ថានតំណាងបរទេសនានា ប្រចាំនៅកម្ពុជាផងដែរ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃបរិយាកាស ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដោយផ្ដោតលើបញ្ហាប្រឈម និងឱកាសជាពិសេសលើវិស័យសំខាន់ៗ មួយចំនួនដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិផងដែរ។
បន្ថែមពីលើនេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាដែលចូលរួមទាំងអស់ ក៏នឹងមានឱកាសបង្កើតទំនាក់ទំនងកាន់តែទូលំទូលាយ និង ពិភាក្សាគ្នាលើឱកាសវិនិយោគសក្តានុពលផ្សេងៗផងដែរ៕