Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក និង ជប៉ុន ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ ឆ្លើយតបបញ្ហាកូរ៉េខាងជើង

04-08-2016 08:33

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន បានរួមគ្នាដាក់សំណើមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យបើកអង្គប្រជុំមួយជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើង ដោយការបាញ់គ្រាប់មីស៊ីលនៅថ្ងៃនេះ​ របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦។

សម្រាប់ការកោះប្រជុំបន្ទាន់នេះ មិនមានអ្វីក្រៅតែពីការរិះរក ទណ្ឌកម្មបន្ថែមទៀត ពីសំណាក់ប្រទេស សមាជិកទាំង១៥ របស់ UNSC ទៅលើកូរ៉េខាងជើងនោះទេ ព្រោះការបាញ់សាកល្បងគ្រាប់មីស៊ីល ទាំងពីរគ្រាប់ព្រឹកមិញនេះ ត្រូវបានប្រទេសជប៉ុន ហៅថាជាការគំរាមដល់សន្តិសុខ ក្នុងតំបន់យ៉ាងខ្លាំង ដោយសារតែមីស៊ីលមួយគ្រាប់ បានធ្លាក់ចូលទៅក្នុងដែនទឹករបស់ជប៉ុន កាលពីព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសជប៉ុនបាន ធ្វើការបូកសរុបរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន (Defense White Paper) ដោយក្នុងក៏មានការលើកឡើង ពីសកម្មភាពរបស់កូរ៉េខាងជើង ដូចជាការត្រៀមបាញ់គ្រាប់មីស៊ីល ដែលអាចមានសមត្ថភាពផ្លោងដល់ទឹកដីអាមេរិក ផងដែរ ប៉ុន្តែការបាញ់នៅថ្ងៃនេះគឺគ្រាន់តែជាគ្រាប់មីស៊ីល រយៈចម្ងាយមធ្យមប៉ុណ្ណោះ៕