(បន្ទាយមានជ័យ​)៖​ លោក​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ នៅថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២៣ បានអញ្ជេីញចុះពិនិត្យមេីលកាសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀត​ នៅក្រុងប៉ោយប៉ែត ដែលចំណាយថវិកាជាង ២លានដុល្លា​រ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងលោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​បន្ទាយមានជ័យ និងអភិបាលក្រុងប៉ោយប៉ែត​​ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះដែរ លោក​ វង​ សូត​ បានថ្លែងការអរគុណចំពោះភាគីថៃ​ ដែលបានជួយជ្រោមជ្រែងទាំងថវិកា​ ក្នុងដំណេីរការនៃការសាងសង់ផ្នែកបច្ចេកទេស​ សម្ភារៈទៅតាមស្តង់ដារ​ ដេីម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀត​ ដេីម្បីបានស្នាក់នៅ​ និងសិក្សារៀនសូត្រជំនាញដេីម្បី​យកទៅបង្កេីតរបចិញ្ចឹមជីវិត។​

លោករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ត្រីត្រូវផ្តល់សេវានេះជូនដល់ពលរដ្ឋដែលរងដែលរងគ្រោះ​ដែលមកទទួលសេវានៅទីនេះ​ឱ្យបានល្អ​ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ល្អ​ ដោយគិតផលប្រយោជន៍រួមជាធំ។

លោកស្រី​ ឈា​ ម៉ានិត​ ប្រធានមណ្ឌលសំចត​ ក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត​ មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ គម្រោងនេះមុននឹងចាប់ផ្តើមការសាងសង់ភាគីទាំងពីរ គឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានរៀបចំបង្កើតគណៈកម្មាធិការដើម្បីជួបប្រជុំគ្នាចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសាងសង់ជាប្រចាំរៀងរាល់មួយខែម្តងនៅសប្តាហ៍ទី ៣នៃខែ។

លោកស្រី​បានបន្តថា​ ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ជាជំនួយឥតចំណង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ (២,១៩៩,៩២០ដុល្លារ)។ គម្រោងសាងសង់នេះមានរយៈពេល ១ឆ្នាំ​ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ម៉ែត្រ​ការ៉េ​ (បណ្តោយ១០១,៣៩ម៉ែត្រ និងទទឹង៩៦.៣៤ម៉ែត្រ)។

ប្រធានមណ្ឌលសំចត​ ក្រុងប៉ោយប៉ែត​ បានបញ្ជាក់ថា​ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃ ក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់​។ ដោយឡែកការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃ ក្នុង១ខែ ជាមធ្យម ១០នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌល​ ក៏មានជំនាញវិជ្ជាជីវៈចំនួន៥ជំនាញ​ រួមមាន​៖​ ជំនាញកាត់ដេរ,​ ជំនាញសាឡន,​ ជំនាញធ្វើម្ហូប/បង្អែម,​ ជំនាញអគ្គិសនី និងទឹក,​ ជំនាញម៉ាស៊ីនត្រជាក់៕