(ស្វាយរៀង)៖ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក លឹម សៀង ហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកឡើងអំពីការសំណូមពរ ក៏ដូចជាបញ្ហាកង្វល់នានានៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយដោះស្រាយ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ វេទិកាសាធារណៈនេះ មានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចជំនាញ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នៅក្នុងវេទិកាសាធារណៈនេះពលរដ្ឋបានលើកឡើង អំពីក្រុមហ៊ុនដីឡូតិ៍ អេរ៉ូ មែន ដែលមិនទាន់ចេញប្លង់ដីកម្មសិទ្ធិជូនពួកគាត់ និងបញ្ហាលូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ និងសត្វពាហនៈព្រលែងពាសវាលពាសកាល ជាដើម។ លោក លឹម សៀងហេង បានថ្លែងថា ចំពោះក្រុមហ៊ុនដីឡូតិ៍ អេរ៉ូ មែន ដែលទាន់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ រយៈកាលកន្លងមកអាជ្ញាធរបានខិតខំដោះស្រាយ ជាបន្តបន្ទាប់ដែរ តែភាគីអ្នកលក់ដីឲ្យក្រុមហ៊ុន និងក្រុមហ៑ុនអេរ៉ូ មែន គឺមិនព្រមចូលរួមដោះស្រាយ។

ចំពោះការទិញដីឡូតិ៍នេះដែរ លោកអភិបាលក្រុងបាវិត បានផ្ដល់អនុសាសន៍ ចំនួន៤ចំណុចសំខាន់៖

*ទី១៖ ផ្អាកការលក់ដូរដីនៅលើទីតាំងដីឡូតិ៍អេរ៉ូ មែន ដើម្បីរង់ចាំការដោះស្រាយឲ្យសមស្របណាមួយ
*ទី២៖ បន្តការដោះស្រាយចំពោះដីឡូតិ៍នេះ តាមយន្តការវិវាទក្រៅប្រព័ន្ធតុលាការ
*ទី៣៖ ពលរដ្ឋដែលបានទិញដីនៅក្រុមហ៊ុនដីឡូអេរ៉ូ មែន គឺអាចអាស្រ័យផលនៅលើទីតាំងដីនេះបានដដែល ដោយពលរដ្ឋទិញដីនៅឡូតិ៍ណា គឺអាចអាស្រ័យផលបាន នៅលើឡូតិ៍នោះបាន
*ទី៤៖ អាជ្ញាធរសង្កាត់ ត្រូវពិនិត្យមើល និងតាមដានលើករណីដីនេះ ហើយមិនឲ្យភាគីណាមួយមកបង្ករបញ្ហាក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ តែបើមានត្រូវតែថតវីដេអូទុកឯកសារ និងប្ដឹងមកសមត្ថកិច្ច និងស្ថានប័នតុលាការដើម្បីមានចំណាត់ការ។

បន្ថែមលើសពីនេះ លោកអភិបាលក្រុងក៏បានដោះស្រាយរាល់ការសំណូមពររបស់ប្រជាពលរដ្ឋដូចជាការដាក់លូរំដោះទឹក បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ បញ្ហាក្មេងទំនើងនៅមូលដ្ឋាន ការព្រលែងសត្វពាហនៈពាសវាលពាសកាល និងបានដោះស្រាយបានមួយចំនួនធំផងដែរ។

ដោយឡែកចំពោះបញ្ហាក្មេងទំនើង គ្រឿងញៀននៅមូលដ្ឋាន លោកអភិបាលក្រុង ក៏បានសំណូមដល់អាណាព្យាបាល ឪពុកម្ដាយ ត្រូវចូលរួមអប់រំកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឲ្យកូនៗ ខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជា ក្លាយជាកូនល្អ ពលរដ្ឋល្អ សិស្សល្អ ដែលជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដ៏រឹងមាំរបស់យើង ដូច្នេះត្រូវតែចូលរួមសហការទាំងអស់គ្នា ដើម្បីមូលដ្ឋានគ្មានគ្រឿងញៀន និងក្មេងទំនើង។

ជាមួយគ្នានេះ ចំពោះបញ្ហាអត្តសញ្ញាណបណ្ណ ត្រូវបានលោកអធិការនគរបាលក្រុងបាវិត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ពេលបាត់អត្តសញ្ញាណប័ណ្ណឬផុតកំណត់ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មានប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដើម្បីធ្វើឯកសារស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មី ហើយសូមស្នើដល់ អាណាព្យាបាល ឪពុកម្ដាយ កុំលួចកែសំបុត្រកំណើតដោយចិត្តឯង ដើម្បីឲ្យគ្រប់អាយុចូលធ្វើការងាររោងចក្រ ដែលនាំឲ្យពិបាកដល់សមត្ថកិច្ចជំនាញក្នុងការធ្វើអត្តសញ្ញាប័ណ្ណ ព្រោះសំបុត្រកំណើតទាំងអស់របស់ប្រជាពលរដ្ឋ គឺមានតម្កល់ទុកគល់បញ្ជីនៅសាលាក្រុងស្រាប់រួចហើយ។

លោក ណុប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត បានបញ្ជាក់ថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ បានចូលសម្ដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានបន្តថា រាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន ប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថាវេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕