(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះតំណាងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សជាតិ មានសង្ឃដីកាថា វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតពុទ្ធិកអនុវិទ្យាល័យ និងគ្រូបង្រៀនពុទ្ធិកវិទ្យាល័យ គឺត្រូវតែមានកាអប់រំប្រកបដោយគុណភាពជាចម្បង ដោយផ្ដោតសំខាន់លើវិន័យ សីលធម៌ និងមេត្តាធម៌ឱ្យបានខ្ពស់។
ការមានសង្ឃដីការបែបនេះ របស់សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតពុទ្ធិកអនុវិទ្យាល័យ និងគ្រូបង្រៀនពុទ្ធិកវិទ្យាល័យកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។
សម្ដេចព្រះពោធិវ័ង្សមានថេរដីកាដោយសង្ឃឹមយ៉ាងមុតមាំចំពោះវគ្គនេះដែលនឹងប្រគេនផ្ដល់ជូនលោកគ្រូ អ្នកគ្រូសិក្ខាកាមគ្រប់រូបនូវចំណេះដឹងថ្មី ក្នុងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីយកទៅចែករំលែកដល់សមណសិស្ស សិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពិសេសសិក្ខាកាមគ្រប់រូបត្រូវខិតខំសិក្សាយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលយកនូវចំណេះដឹង បំណិន និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអភិវឌ្ឍន៍ពុទ្ធិកសិក្សាស្របតាមបរិកាណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ទាំងក្នុងតំបន់និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍប្រកបដោយចិរភាព។
ជាមួយគ្នានេះដែរព្រះសង្ឃាលង្ការមុនីបណ្ឌិត យ៉ន កុសល្យ ប្រធានពុទ្ធិកមធ្យមសិក្សាបានមានសង្ឃដីកាថា វគ្គនេះនឹងបណ្ដុះបណ្ដាលគ្រូៗដែលជាសិក្ខាកាមឱ្យមានសមត្ថភាពកាន់តែល្អឡើងក្នុងគោលបំណងអប់រំសមណសិស្ស សិស្ស ដែលកំពុងសិក្សារៀនសូត្រ ក្នុងទិសដៅបង្កើតធនធានមនុស្សកម្ពុជា ឱ្យមានគុណភាពកាន់តែល្អឡើង និងចំនួនកាន់តែច្រើនឡើង។
ព្រះតេជគុណមានដីការបន្តថា គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះទៀតសោតគឺឈរលើគុណភាពចំនួន៥គឺ៖
ទី១៖ ភាពជាអ្នកដឹកនាំ
ទី២៖ វិធីសាស្ត្រប្រែភាសាបាលី
ទី៣៖ វិធីសាស្ត្របង្រៀនប្រែភាសាសំស្រ្កឹត
ទី៤៖ ប្រយោជន៍នៃបាលីវេយ្យករណ៍
និងទី៥៖ វាក្យក្នុងភាសាបាលី។
សូមជម្រាបថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៩កន្លែង និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន១៤កន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន១៨ ដែលកំពុងធ្វើការបណ្ដុះបណ្ដាលសមណសិស្ស សិស្សទាំង២កម្រិត មានចំនួនសរុប៨,៣៤៦អង្គ/នាក់ ក្នុងនោះពុទ្ធិកមធ្យមសិក្សាបឋមភូមិមានសមណសិស្ស-សិស្សចំនួន៦,១៤៩អង្គ/នាក់ និងពុទ្ធិកមធ្យមសិក្សាទុទិយភូមិមានសមណសិស្ស សិស្សចំនួន២,១៩៧ អង្គ/នាក់ ខណៈដែលគ្រឹះស្ថានពុទ្ធិក ធ្យមសិក្សា ទាំង២កម្រិតមានគ្រូសរុប ៧៧៣នាក់៕