(ភ្នំពេញ)៖ នរណាៗក៏ភ្ញាក់ផ្អើលគ្រប់គ្នា! មិនមែនត្រឹមតែប្រជាពលរដ្ឋកម្ពុជាទេ គឺរួមទាំងជនបរទេសផងដែលភ្ញាក់ផ្អើលនៅពេលដែលស្តាប់សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលបានស្តាប់ឮគ្រប់ៗគ្នាថា៖ សម្តេចតេជោ នឹងមិនបន្តកាន់ដំណែងជានាយករដ្ឋមន្ត្រីជាបន្តទៀតសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះទេ។
ការប្រកាសចាកចេញពីអំណាចរបស់ សម្តេចតេជោ ហ៊ុន សែន (បុរសខ្លាំង) របស់កម្ពុជា វាពិតជារឿងមួយដែលគ្មានអ្នកវិភាគ ឬអ្នកតាមដានដានសភាពការណ៍សង្គមនយោបាយណាម្នាក់ អាចស្មានដល់ ឬគិតត្រូវឡើយ…ដែលនេះគឺជាការគិត ជាការសម្រេចចិត្តរបស់ សម្តេចតេជោ ដែលតែងតែមិនឱ្យនរណាម្នាក់វាយតម្លៃឬប៉ាន់ស្មានដឹងមុនឡើយ។ នេះក៏ជានយោបាយអច្ឆរិយរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលតាំងពីនៅជាចលនាតស៊ូររំដោះជាតិ រហូតក្លាយជាមេដឹកនាំកំពូលសម្តេចតេជោ តែងតែបង្ហាញចំណុចលេចធ្លោនូវនយោបាយពិសេសៗ ប្រកបដោយភាពអច្ឆរិយក្នុងការដឹកនាំ និងកសាងប្រទេសកម្ពុជាដ៏តូចកម្សត់មួយនេះ ឱ្យរួចផុតពីការកាប់សម្លាប់ ឱ្យរួចផុតពីការអត់ឃ្លាន ឱ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ និងចុងក្រោយឱ្យអន្តរជាតិបានទទួលស្គាល់សារជាថ្មីឡើងវិញ។
ការចាកចេញពីរាជរដ្ឋាភិបាលរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះក៏ត្រូវបានសម្តេចខ្លួនឯងលោកចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង… ដែលនេះហើយជាកត្តាចាំបាច់បំផុត និងជាតម្រូវការរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាជាង ១៧លាននាក់។
ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាំងពីក្រោយសម័យអង្គរមក គឺពុំដែលមានការផ្លាស់ប្តូរ ឬការផ្ទេរអំណាចណាមួយកើតចេញនៅក្រោមដំបូលសន្តិភាព និងធានាបាននូវស្ថិរភាព សុខសន្តិភាព ជូនប្រជាជនទេ។ ពោល គឺមានតែការច្បាំងដណ្តើមអំណាច និងការពឹងពាក់បរទេសជាបង្អែក បំបែកទឹកដីដើម្បីអំណាចតែប៉ុណ្ណោះ ហើយអាក្រក់បំផុតនោះគឺមានការស្លាប់អាយុជីវិតប្រជាជនដែលមិនដឹងអី។
តែការផ្ទេរអំណាចពីសម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងរបស់កម្ពុជា និងជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា ដែលនឹងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃខាងមុខ គឺជាការផ្ទេរអំណាចមួយដ៏មានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីក្រោយសម័យអង្គរមក ដែលអាចចាត់ទុកថាជាគំរូក្នុងប្រវត្តិសាស្ត្រដែលការផ្លាស់ប្តូរមេដឹកនាំពីអ្នកជំនាន់ចាស់ ទៅអ្នកបន្តវេនជំនាន់ថ្មី ដែលមិនបានធ្វើឱ្យប្រជាជនភិតភ័យ ឬមានការស្លាប់ ឬមានបង្កការឈឺចាប់ដល់ប្រជាជនឡើយ…។ ពេលនេះប្រជាជនកម្ពុជាគ្រប់ៗគ្នាកំពុងតែញញឹមរំភើបដែលអារម្មណ៍រំភើបរបស់ប្រជាជនកម្ពុជារាប់លាននាក់នាពេលនេះ គឺក្នុងសភាព «អាល័យឪពុក ចង់ជួបមុខអ្នកបន្តវេន»។ ទឹកភ្នែកអាឡោះអាល័យឪពុក បានហូរឆ្លាក់មកលាយគ្នាជាមួយនឹងទឹកភ្នែករំភើបបានជួបមុខអ្នកបន្តវេន គឺព្រឹត្តិការណ៍អច្ឆរិយមួយដែលដិតជាប់ជាមួយការគោរពស្រឡាញ់ពេញបេះដូងរបស់ប្រជាជនកម្ពុជា ចំពោះ «សម្តេចពុក» និង «ឯកឧត្តមបណ្ឌិត អ្នកបន្តវេន»។
មែនហើយ បើទោះបីជាមានក្រុមអមិត្ត និងបរទេសខ្លះមិនស្វាគមន៍មិនទទួលស្គាល់នូវអ្វីដែលកម្ពុជាមាន ដែលកម្ពុជាអាចធ្វើខ្លួនឯងបាន ដែលរាប់ទាំងការរៀបចំការបោះឆ្នោតដើម្បីពង្រឹងភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យចំណាស់ ៣០ឆ្នាំ របស់កម្ពុជា តាំងពីឆ្នាំ១៩៩៣ មក និងរាប់ទាំងការត្រៀមធ្វើការផ្ទេរអំណាចរបស់សម្តេចតេជោ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ។ តែតម្លៃពិតដែលជាសច្ចៈភាពនៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលះបង់ដើម្បីកម្ពុជា គឺគ្មាននរណាផ្សេងក្រៅពីប្រជាជនកម្ពុជា ដែលជាអ្នកកំពុងទទួលផលទេដែលដឹងការពិតនោះ។ ហើយការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ក៏គ្មានភាពចាំបាច់អីត្រូវការបរទេសណាគាំទ្រ ឬមិនគាំទ្រដែរ តែសំខាន់មានប្រជាជនកម្ពុជារាប់លាននាក់គាំទ្រនោះ គឺគ្រប់គ្រាន់ហើយ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន តាំងពីរំលេចខ្លួនក្លាយជាមេដឹកនាំរបស់កម្ពុជាមក គឺសម្តេចតេជោ ហ៊ុន សែន ប្រកាន់នូវជំហរខ្មែរនិយម ធ្វើការអ្វីសម្រេចចិត្តអ្វី គឺឈរលើសុខទុក្ខ និងផលប្រយោជ៍របស់ប្រជាជនកម្ពុជាជាធំ! ដូចនេះទើបមានពាក្យថា «ហ៊ុន សែន នៃកម្ពុជា! ហ៊ុន សែន របស់កម្ពុជា និង ហ៊ុន សែន សម្រាប់កម្ពុជា»។
ប្រទេសតូចដែលធ្លាប់គេមើលងាយ ប្រទេសតូចដែលធ្លាប់គេដាក់អាណានិគម ប្រទេសតូចដែលធ្លាប់គេប្រើជាទីលានជល់ប្រកួតលទ្ធិនយោបាយ… តែពេលនេះប្រទេសតូចមួយនេះ ក្លាយជាប្រទេសមានអធិបតេយ្យ មានឯករាជ្យ ពិសេសមានសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមជាមួយនឹងការអភិវឌ្ឍលើកកម្ពស់មុខមាត់ប្រទេសជាតិ និងប្រជាជន ឱ្យពិភពលោកបានឮបានស្គាល់ឡើងវិញសារជាថ្មី គឺដោយសារតែបុរសម្នាក់គាត់ជា «រដ្ឋបុរសរស់» របស់កម្ពុជានោះគឺ «សម្តេចតេជោ ហ៊ុន សែន»៕
ដោយ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា