(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ថងលុន ស៊ីសុលី អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ តាមប្រព័ន្ធវីដេអូ។

នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការបក្ស ថងលុន ស៊ីសុលីត បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានស្ងើចសរសើរអំពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែលទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។

ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ បានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។

លោក ថងលុន ស៉ីសុលីត បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្ដេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះលោក ថងលុន ស៊ីសុលីត ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរអោយកត់សម្គាល់ ដែលប្រជាជនឡាវ សម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលមាន លោក ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់ឡាវទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរទិវាអាស៊ាន ៨ សីហា ក្នុងឱកាសដែលប្រទេសសមាជិក អាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជាចំពោះឡាវ ជាប្រធានអាស៊ានឆ្នាំ២០២៤។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា របស់ពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចដែលកាន់តែ ស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរសព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។

ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល យុវជនបន្តវេន ដើម្បីរក្សា និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធនៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

នៅចុងបញ្ចប់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ថងលុន ស៊ីសុលី អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវដទៃទៀតមកបំពេញ ទស្សនកិច្ចនៅកម្ពុជា។ ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអញ្ជើញសម្តេចតេជោ និងបណ្តាថ្នាក់ ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវលាសមស្រប៕