(តាកែវ)៖ ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ បានសហការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីប្រតិភូខេត្តតាកែវ ព្រះរាជអាជ្ញា តុលាការ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសរុប ៣០៦នាក់។
លោក យង់ សុវឌ្ឍនា អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានធ្វើរបាយការណ៍ពីកិច្ចខិតខំរបស់គ្រប់សមាសភាពទាំងអស់នៃខេត្តតាកែវ ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវខ្ពស់និងសំណូមពរសូមបន្តចូលរួមការពារទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យបានគ្រប់ៗគ្នា។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ខេត្តតាកែវ ដែលបានប្រារព្ធទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងបរិបទរបស់ពិភពលោកក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ឱ្យមានសុខដុមនីយកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន ជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន បន្តពង្រឹងប្រសិទ្ធភាពមណ្ឌលព្យាបាលស្តារនីតិសម្បទា ពង្រឹងប្រសិទ្ធភាពការិយាល័យ BLO បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផែនយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនេះ លោក អ៊ូច ភា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ចូលរួមឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕