(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា និងលោកស្រី ព្រមទាំងមន្រ្តីរាជការចំណុះឱ្យរដ្ឋបាលខណ្ឌ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួន មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រីមាស នៅតាមបណ្តាវត្តចំនួន ៣វត្តក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
សម្ភាររបស់សាលាក្រុង សម្រាប់ប្រគេនព្រះសង្ឃតាមវត្ត៣ ក្នុងខណ្ឌ ៧មករា រួមមាន៖បច្ច័យក្នុង ១វត្ត ១០ម៉ឺនរៀល, ទៀនវស្សា ក្នុង១វត្ត១គូ, អង្ករ ក្នុង១វត្ត១០០គីឡូក្រាម, សាដក ក្នុង១វត្ត១កញ្ចប់, ស្ករស ក្នុង១វត្ត១បាវ, ទឹកដោះគោខាប់ ក្នុង១វត្ត ១កេសធំ, ទឹកក្រូច ក្នុង១វត្ត៤កេស, ទឹកបរិសុទ្ធ ក្នុង១វត្ត ៤កេស, មីជាតិ ក្នុង១វត្ត ៤កេស និងត្រីខកំប៉ុង ក្នុង១វត្ត១កេសធំ។
ដោយឡែកសម្ភាររបស់រដ្ឋបាលខណ្ឌ៧មករា សម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងខណ្ឌ៧មករា រួមមាន៖ បច្ច័យ ក្នុង១វត្ត ៥០ម៉ឺនរៀល, ទៀនវស្សា ក្នុង១វត្ត ១គូ, អង្ករ ក្នុង១វត្ត ៥០គីឡូក្រាម, សាដក ក្នុង១វត្ត ១កញ្ចប់, ទឹកដោះគោឆៅ ក្នុង១វត្ត ១កេសធំ និងមីម៉ាម៉ា ក្នុង១វត្ដ ១កេសធំ។
ក្រៅពីប្រគេនទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនខាងលើហើយនោះ លោកអភិបាលខណ្ឌ៧មករា និងលោកស្រី ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលខណ្ឌ នៅបានប្រគេនបច្ច័យ សម្រាប់កសាងទីអារាមវត្តព្រះពុទ្ឋមានបុណ្យ និង១លានរៀល និង៣០ដុល្លារ ជាមួយនិងការប្រគល់ជូន តាអាចារ្យ យាយជី តាជី នូវថវិកាមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះប្រជាពលរដ្ឋ ដែលគោរពព្រះពុទ្ធសាសនា ធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕