(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាន បុរសរត់ម៉ូតូកង់បី (Pass App) ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំងម្នាក់ បណ្តាលឱ្យនាងរងរបួស។

ជនបង្កដែលឃាត់ខ្លួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ មានឈ្មោះទេព ភាឡី ហៅលីញ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង មុខរបរ រត់ម៉ូតូ (Pass App)។

សូមជម្រាបថា បន្ទាប់ពីទទួលបានព័ត៌មានរបស់ស្ត្រីរងគ្រោះជនជាតិបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុក​ជំនួយ​​ការមួយរូប គឺលោក កែវ ផុង ចុះជួយយកអាសា និងដោះស្រាយបញ្ហា​របស់​ស្ត្រីជនជាតិបារាំង ដែលលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុង​ខេត្ត​បាត់​ដំបង។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាមួយចំនួន​ជូនទៅ​ស្ត្រី​ជន​ជាតិ​បារាំងរូបនោះ សម្រាប់ការព្យាបាលរបួសផងដែរ។

ស្ត្រីជនជាតិបារាំងរូបនោះ បានថ្លែងអំណរគុណសម្តេចតេជោ ហើយក៏បានកោត​សរសើរ ចំពោះទឹកចិត្តសម្តេចតេជោ ដែលបានខ្វាយខ្វល់ទៅលើបញ្ហា​របស់​នាង​ផងដែរ។

ស្ត្រីជនជាតិបារាំងដែលលោតចុះពីលើម៉ូតូកង់៣ ដែលមានបំណងមិនល្អនោះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិត​ពេទ្យ​ជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយ បម្រើ​ការ​ងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០៖៣០នាទី នាងបានធ្វើដំណើរចុះទៅខេត្តបាត់​ដំបង តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរមួយ ហើយទៅដល់ខេត្តបាត់ដំបង នៅវេលាម៉ោង ៣៖១៥នាទីទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

នារីរងគ្រោះបន្តថា ពេលចុះពីរថយន្ត នាងបានធ្វើដំណើរដោយថ្មើរជើងពី​ចំណត​រថយន្ត ទៅមកផ្ទះសំណាក់ ដែលកក់រួចហើយ ដោយមើលតាមផែនទី (google map)។ មួយសន្ទុះក្រោយមក ពេលដើរដល់កន្លែងមួយ (មិនស្គាល់​ភូមិឃុំ) មានឆ្កែជាច្រើន បានព្រុស និងបានរកខាំ ធ្វើឱ្យនាងមានការភិតភ័យ តែនាងនៅតែបន្តរដើរទៅតាមផែនទីដដែល។ រហូតដើរដល់ចំណុចមួយ មាន​ផ្លូវ​បំបែកជា៣ នាងបានវង្វេងផ្លូវ ដោយសារងងឹតពេក និងមានអារម្មណ៍ ភ័យ​ខ្លាច ព្រោះឆ្កែព្រុសខ្លាំង ក៏បានឈប់នៅផ្លូវបំបែកនោះ និងបានចុច​ទូរស័ព្ទ​ទៅមនុស្សស្គាល់គ្នា។ ពេលនោះក៏មានម៉ូតូកង់៣ មួយគ្រឿង ពណ៌ស អត់មាន​ទ្វារ និងមិនមានកាតុបតែង បើកដោយបុរសម្នាក់ មាឌរាងស្គម អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺត (មិនចាំពណ៌) ពាក់មួកកាតឹប បានជិះតាមនោះ រួចបានហៅនាងឡើងជិះ។

នារីរងគ្រោះបន្តថា ពេលនាងឡើងជិះ បាននិយាយជាមួយម្ចាស់ម៉ូតូកង់៣ ដោយ​បង្ហាញរូបផ្ទះសំណាក់ដែលនាងចង់ទៅនោះ។ បន្ទាប់ ពីនិយាយគ្នារួច នាងក៏បានឡើងជិះម៉ូតូកង់៣នោះ តែពេលជិះជាមួយគាត់ នាងបានមើល ផែន​ទី ឃើញថា គាត់ជិះចេញទៅផ្លូវឆ្ងាយ ខុសពីគោលដៅ។

នារីរងគ្រោះបានរៀបរាប់ទៀតថា ពេលជិះដល់ផ្លូវត្រូវបត់ នាងបានប្រាប់ឱ្យ​បត់ តែម្ចាស់កង់៣បានបន្ថែមល្បឿនទៅមុខមិនព្រមបត់នោះឡើយ ហើយ ពេលឱ្យឈប់ក៏មិនព្រមឈប់នោះដែរ។ បុរសបើកម៉ូតូកង់៣ បានបើករហូតដល់ម៉ោង ៤៖៧នាទីទៀបភ្លឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ពេលជិះដល់ចំណុចផ្លូវបំបែកជា៤ ឆ្លៀតពេលម៉ូតូកង់៣បន្ថយល្បឿន ដើម្បីបត់ឆ្វេងនោះ នារីងគ្រោះ ក៏បានលោត ចុះពីលើម៉ូតូកង់៣តែម្តង។

នារីរងគ្រោះជាជនជាតិបារាំងរូបនេះ បានឱ្យដឹងថា ជាអកុសលពេលលោត​ចុះនោះ កាបូបស្ពាយខាងក្រោយរបស់នាងបានទាក់ជាមួយម៉ូតូកង់៣ បណ្តាលឱ្យម៉ូតូកង់៣នោះដួលសង្កត់លើនាង ធ្វើឱ្យរងរបួសបាក់ម្រាមដៃ កណ្តាលខាងឆ្វេង, រលាត់ថ្ងាស់-ច្រមុះ ឯនៅលើទ្រូងទាំងសងខាង ជើងខាងស្តាំក្រោមជង្គង់ និងត្រគៀកទាំងសងខាងឡើងជាំ។

ចំណែកម្ចាស់ម៉ូតូកង់៣ បានលើកម៉ូតូឡើង ហើយជិះចេញទៅបាត់ទៅ។ បន្ទាប់មកនារីងគ្រោះ ក៏បានដើរទៅកន្លែងអគារមួយកន្លែង ដែលមាន​សន្តិ​សុខ​នៅទីនោះ ឱ្យជួយលាងរបួស និងសម្រាកនៅទីនោះ រយៈពេលប្រហែល​១ម៉ោង​កន្លះ ទើបទៅមន្ទីពេទ្យព្យាបាលរបួស។

បន្ទាប់ពីទទួលបានបណ្តឹងនេះ សមត្ថកិច្ចខេត្តបាត់ដំបង កំពុងស្រាវជ្រាវរកជន​ល្មើស ហើយបានអំពាវនាវដល់សាធារណជន ដែលបានឃើញហេតុការណ៍ ឬមានតម្រុយនានា សូមជួយសហការ ដើម្បីឈានទៅចាប់ជនល្មើស៕