(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពន្លឿនការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយនោះ។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋប្រមាណជា ១០០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីជិត១ពាន់គ្រួសារមកពីតំបន់នានា នៅក្នុងខេត្តព្រះសីហនុ ក្នងនោះមានប្រជាពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនថៃប៊ុនរ៉ុងផងដែរ បន្ទាប់ពីទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកកាន់ខេត្តរបស់ពួកគេ បានប្រមូលផ្តុំនៅ ពីមុខសាលាខេត្តតាំងពីព្រលឹម រហូតដល់សម្តេចតេជោបញ្ចប់កិច្ចប្រជុំជាមួយមន្រ្តីនៅម៉ោងជាង ៦ល្ងាច។ បើទោះបីមានស្ថិតក្រោមដំណក់ភ្លៀង ក៏ពួកគេមិនបានទៅណាផងដែរ។
ការរង់ចាំទាំងក្រោមដំណក់ភ្លៀងនេះ គឺពួកគេមានបំណងចង់បានជួបសម្តេចតេជោ ដោយផ្ទាល់ដើម្បីបង្ហាញនូវស្រឡាញ់របស់ពួកគេចំពោះប្រមុខដឹកនាំប្រទេស ក៏ដូចជាចង់ឲ្យសម្តេចជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេផងដែរ។ តែទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋ ដែលត្រូវកម្លាំងសមត្ថកិច្ចឈររារាំងមិនឲ្យផ្លាស់ទីនោះ មិនបានជួបសម្តេចតេជោនោះឡើយ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់ Fresh News ក្រោយជួប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន ថា សម្តេចតេជោ បានជំរុញឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរថ្នាក់ជាតិពន្លឿនការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកអភិបាលខេត្តបញ្ជាក់ថា «ជាគោលការណ៍របស់សម្តេច ដូចមុនអ៉ីចឹងគាត់ជំរុញឲ្យពួកយើងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យខិតខំដោះទៅ»។
តែទោះបីជាយ៉ាងណា លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដោះស្រាយមិនអាចធ្វើបានលឿនតាមចិត្តរបស់ប្រជាពលរដ្ឋ ដែលមានវិ វាទនោះឡើយ ដោយសារវិវាទដីធ្លីមានបញ្ហាផ្សេងៗគ្នា។ លោក យន្ត មីន បានបកស្រាយថា ប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី ហើយមិនទាន់មានបណ្ណកម្មសិទ្ធិដីធ្លីនោះ គណៈកម្មការដោះស្រាយដីធ្លីថ្នាក់ខេត្តជាអ្នកដោះស្រាយ ហើយបើថ្នាក់ខេត្តដោះស្រាយមិនចេញត្រូវបញ្ជូនទៅគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ។ ដោយឡែកដីធ្លី ដែលមានប្លង់កម្មសិទ្ធិ គឺត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ។
លោក យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថា បញ្ហាដីធ្លីនឹងត្រូវបានដោះស្រាយបញ្ចប់ ប្រសិនបើភាគីជម្លោះចេះយោគយល់ និងចេះធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកនោះ។
តំណាងប្រជាពលរដ្ឋប្រមាណ ១២នាក់ នៅរសៀលថ្ងៃទី០៣ ខែសីហា ក៏ត្រូវបានឲ្យចូលជួបចរចាស្វែងរកដំណោះស្រាយជាមួយអភិបាលខេត្តព្រះសីហនុ ផងដែរ តែពួកគាត់ហាក់មិនសូវមានជំនឿក្នុងការស្វែងរកបានពន្លឺនោះឡើយ បើការងារទុកឲ្យអាជ្ញាធរខេត្ត ជាអ្នកដោះស្រាយនោះ ព្រោះជម្លោះដីធ្លីនេះបាន អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕