(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឲ្យមានការបញ្ឈប់ការស្នើសុំដីសម្រាប់អង្គភាពយោធា ចាប់ពីថ្ងៃនេះតទៅ ហើយគ្រប់កងពលទាំងអស់ហាមសុំដីបន្តទៀត និងត្រូវពិនិត្យ និងចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋឲ្យបានត្រឹមត្រូវ កុំឲ្យធ្លាក់ទៅលើដៃឯកជនមួយចំនួន។
ការសម្រេចរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់ប្រសាសន៍របស់សម្តេចយ៉ាដូច្នេះថា «មន្រ្តីយើងត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ ធនធានត្រី ព្រៃលិចទឹក និងការពារដែនកោះ ដែនសមុទ្រអោយបានរឹងមាំល្អ។ ចំពោះការស្នើសុំដីសម្រាប់អង្គភាពយោធានីមួយៗ គឺត្រូវឈប់ចាប់ពីថ្ងៃនេះ។ គ្រប់កងពលទាំងអស់ហាមសុំដីបន្តទៅទៀត ហើយត្រូវពិនិត្យនិង ចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋឲ្យបានត្រឹមត្រូវកុំអោយធ្លាក់ទៅលើដៃឯកជនមួយចំនួន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ចំពោះផ្សារខេត្តព្រះសីហនុដែលឆេះពីមុន ហើយដែលសម្តេចតេជោបានជួយសាងសង់ គឺអាជ្ញាធរខេត្តត្រូវធ្វើលិខិតផ្លូវការ បញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់ ឲ្យពួកគាត់លក់ដូរជារៀងរហូតតកូនតចៅ។ លើសពីនេះចំពោះគម្រោងចិញ្ចឹមត្រី ដែលស្នើដោយក្រុមហ៊ុនឯកជន ប្រសិនបើប៉ះពាល់ដល់ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ គឺមិនអនុញ្ញាតឲ្យទេ។
សម្តេចតេជោបានលើកថា ខេត្តព្រះសីហនុ គឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់ បន្ទាប់ពីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ខេត្តនេះគឺពឹងអាស្រ័យវិស័យ សេវាកម្មជាច្រើនប្រមាណ៧០% រួមទាំងសេវា ទេសចរណ៍ ឧស្សាហកម្ម និង ការដឹកជញ្ជូន ដោយសារមានកំពង់ផែ។ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង គឺបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើននៅទូទាំងខេត្តព្រះសីហនុ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅខេត្តព្រះសីហនុ ត្រូវត្រួតពិនិត្យបញ្ហាបូមខ្សាច់ផងដែរ ព្រោះអាចធ្វើឲ្យជម្រេលបាក់ធ្លាក់ បណ្តាលឲ្យបាក់ខូចឆ្នេរ។ ចំពោះគម្រោងវិនិយោគកោះ ដែលគ្មានសកម្មភាព គឺត្រូវពិនិត្យដកយកមកវិញ ជាពិសេសដោយជនមួយចំនួន ដែលយកអាជ្ញាប័ណ្ណ (License) ដើរលក់ គឺត្រូវដកយកមកជាបន្ទាន់។
ចំពោះពយកំពេញដែលមានប្រជាពលរដ្ឋ ១០៣គ្រួសារ គឺត្រូវចុះវាស់វែងប្រគល់ប្លង់ ស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅទីនោះជាយូរមកហើយ។ ប្រជាពលរដ្ឋដែលបានមករស់នៅទីតាំង ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋជាយូរមកហើយ គឺត្រូវប្រគល់ប្លង់ស្របច្បាប់ជូនពួកគាត់ ហើយត្រូវកាត់ចេញពីបញ្ជីសារពើពន្ធរបស់រដ្ឋ ដើម្បីពួកគាត់មានកម្មសិទ្ឋិ និងមានឱកាសបានកសាងផ្ទះសម្បែងឲ្យបានល្អសមរម្យ។ អាជ្ញាធរខេត្តត្រូវខិតខំថែរក្សាតំបន់ឆ្នេរ និងបរិស្ថានឲ្យបានល្អ ដើម្បីទាក់ទាញទេសចរណ៌។
សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងបរិស្ថាន ត្រូវចូលរួមពិនិត្យការប្រើប្រាស់ និងបង្ហូរទឹកចូលសមុទ្រកុំឲ្យប៉ះពាល់ដល់បរិស្ថាន។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ ត្រូវខិតខំរក្សាមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលមានព្រំដែនសមុទ្រជាប់គ្នា ដើម្បីសន្តិភាពនិងផលប្រយោជន៌រួមគ្នា។ ជាពិសេស កងទ័ពជើងទឹកត្រូវល្បាតរួមគ្នាលើតំបន់ត្រួតស៊ីគ្នាជាមួយវៀតណាម និងថៃ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើរត់ពន្ធ គ្រឿងញៀន និងការជួញដូរមនុស្ស និងជាជម្រកចោរសមុទ្រ និងកុំឲ្យមានការប៉ះទង្គិចគ្នា រវាងទូកនេសាទនៅតាមសមុទ្រជាដើម ។ល។
កិច្ចសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីរាជការខេត្តព្រះសីហនុ គកាន់តែធ្វើឲ្យមន្រ្តីបានយល់កាន់តែច្បាស់ អំពីតួនាទី និងការទទួលខុសត្រូវក្នុងការផ្តល់នូវ សេវាសាធារណៈ និងការផ្តល់នូវដំណោះស្រាយសមស្របនានា ជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាផ្សេងៗរួមទាំងបញ្ហាដីធ្លីជាដើម៕