(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថា ក្នុងសន្និសីទកិច្ចសន្ទនាអន្តរវប្បធម៌ និងអន្តរសាសនាអាស៊ានឆ្នាំ២០២៣ ដែលមានការចូលរួមពីសំណាក់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
សន្និសីទនេះ ក៏មានការចូលរួមពីបណ្ដាមេដឹកនាំសាសនា វប្បធម៌ មន្ត្រីរដ្ឋាភិបាល តំណាងសង្គមស៊ីវិល នៃប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងៗទៀតក្នុងតំបន់ ។
ប្រធានបទនៃសន្និសីទនេះគឺ «តម្លៃអារ្យធម៌រួមអាស៊ាន៖ ការកសាងចំណុចស្នូលនៃភាពសុខុដុម ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងវិបុលភាពផ្នែកសេដ្ឋកិច្ច»។
នៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៤។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានទទូចឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លារវាងអាស៊ាន និងអន្តរសភាអាស៊ាន ហើយបានលើកទឹកចិត្តឱ្យសមាជិកសភានៃប្រទេសសមាជិកអាស៊ាន លើកកម្ពស់ការទទួលខុសត្រូវផ្នែកសង្គម និងការធ្វើគោលនយោបាយប្រកបដោយចីរភាព នៅទាំងកម្រិតថ្នាក់ជាតិ និងតំបន់។
លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានអត្ថន័យបន្ថែមទៀត ជាមួយអន្តរសភាអាស៊ាន ដើម្បីចូលរួមចំណែកកាន់តែប្រសើរដល់ដំណើរការកសាងសហគមន៍អាស៊ាន។
បន្ទាប់មក លោកអគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Lee Jang-keun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៤ នៅខែកញ្ញា ខាងមុខ ព្រមទាំងបានរិះរកវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស្របពេលដែលអាស៊ាន និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្វខួបអនុស្សាវរីយ៍ទី ៣៥ នៃទំនាក់ទំនងដៃគូសន្ទនា នៅឆ្នាំ២០២៤។
លោកអគ្គលេខាធិការអាស៊ាន ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោក Hissein Brahim Taha អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC)។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងស្វែងរកវិធីដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និង OIC ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍នានារបស់តំបន់ និងពិភពលោក៕