(ភ្នំពេញ)៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានថ្កោលទោស ចំពោះជនអគតិដែលបានយកឈ្មោះ របស់លោកទៅគំរាមគំហែងប្រមូលថវិកា ឬឆបោកជារូបភាពផ្សេងៗ ហើយលោកក៏សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចមានចំណាត់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់។
ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងបន្ទាប់ពីលោកបានទទួលដំណឹង នៅពាក្យចចាមអារ៉ាម ដែលមាន Fake Account របស់លោកយកទៅបោកប្រាស់ប្រជាពលរដ្ឋ និងធ្វើការបំភ្លើសបំភ្លៃព័ត៌មានមួយចំនួន។
លោក ម៉ឹង ពន្លក បានបញ្ជាក់ នៅក្នុងសេចក្ដីបំភ្លឺ ដែល Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ថា «រាល់អំពើទាំងឡាយណា ដែលមានជនអគតិមួយចំនួន បានយកឈ្មោះរបស់ខ្ញុំ យកទៅប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ខ្ញុំបាទមិនទទួលស្គាល់ នៅអំពើទាំងឡាយណា ដែលជនអគតិទាំងនោះ បានយកទៅប្រើប្រាស់ និងសូមថ្កោលទោស ទៅលើជនអគតិដែលបានយកឈ្មោះរបស់ខ្ញុំ ទៅគំរាមគំហែង ប្រមូលថវិកា ឬឆបោកជារូបភាពផ្សេងៗ ហើយក៏សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ក្នុងការចាត់វិធានការ តាមផ្លូវច្បាប់»។
បន្ថែមពីនេះលោកក៏បានសំណូមពរថា «ខ្ញុំបាទសូមសំណូមពរ ទៅដល់បងប្អូនមហាជនទាំងឡាយ បើសិនជាបងប្អូនបានទទួលដំណឹងថា មានបុគ្គលរូបណាយកឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ ក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ ឬក្នុងគោលបំណងអ្វីដែលផ្ទុយពីច្បាប់ សូមជួយផ្ដល់ដំណឹងមកកាន់ផ្នែក រដ្ឋបាលរបស់ខ្ញុំតាមរយៈលេខទូរស័ព្ទ ០១២ ៧៩២ ០០៣ ឬ០១៥ ៤៧៥ ៧៦៧»៕