(ភ្នំពេញ)៖ ស្ត្រីជនជាតិបារាំងមួយរូប ដែលលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង បណ្ដាលឱ្យមានរបួសស្នាម តែមិនមានស្ថានភាពធ្ងន់ធ្ងរ និងទទួលបានការព្យាលបាលយ៉ាងចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត និងដោយឥតគិតថ្លៃផងដែរ។

ស្ត្រីជនជាតិបារាំងរូបនេះ ឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង។
និស្សិតរូបនេះ បានធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃ១-៣១ ខែកក្កដា ឆ្នាំ២០២៣ ពេលគាត់បញ្ចប់ការសិក្សាហើយ បានទៅដំណើរកំសាន្ដនៅខេត្ដបាត់ដំបង ហើយបានជួបគ្រោះថ្នាក់ដូចខាងលើនេះ បន្ទាប់ពីទទួលបានដំណឹងនេះ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឱ្យក្រុមការងារទំនាក់ទំនងសួរនាំគាត់ តាំងពីក្រោយកើតហេតុ រហូតធ្វើដំណើរមកដល់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល កាលពីរសៀលម៉ោងជាង៣:៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។

«ស្ដ្រីរងគ្រោះខាងលើនេះ ក្រោយពីទទួលបានការព្យាបាលយ៉ាងចិត្ដទុកដាក់បំផុតពីក្រុមគ្រូពេទ្យយើង ឃើញថាស្ថានភាពមិនធ្ងន់ធ្ងរទេ ឬត្រូវវះកាត់អ្វីឡើយ ដោយគ្រាន់តែដាក់ឆ្អឹងអមម្រាបដៃគាត់ចំនួនមួយតែប៉ុណ្ណោះ។ លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ តែងតែយកចិត្ដទុកដាក់ជាពិសេស ដល់និស្សិតដែលមកកម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត មកពីគ្រប់បណ្ដាប្រទេស» មន្ទីរពេទ្យបានជូនព័ត៌មានដល់ សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជានិងសាកលវិទ្យាល័យ Strasbourg ប្រទេសបារំាង ដែលជាសាកលវិទ្យាល័យ របស់កញ្ញាអេលែនសិក្សាផ្ទាល់ផងដែរ។

គួររម្លឹកថា ស្ត្រីជនជាតិបារាំងខាងលើនេះ ក្រោយពេលកើតហេតុ សម្តេចតេជោ ហ៊ុន សែន បានចាត់ជំនួយការមួយរូប ចុះយកអាសា និងដោះស្រាយបញ្ហា រួមទាំងផ្ដល់ផ្តល់ថវិកាមួយចំនួនជូនទៅស្ត្រីរូបនោះ សម្រាប់ការព្យាបាលរបួស ហើយជូនរូបនាងទៅដាក់ពាក្យបណ្តឹងផងដែរ កាលពីរសៀលថ្ងៃអាទិត្យ ទី៦ ខែសីហា។

ស្ត្រីជនជាតិបារាំងរូបនោះ បានថ្លែងអំណរគុណសម្តេចតេជោ ហើយក៏បានកោតសរសើរចំពោះទឹកចិត្តសម្តេចតេជោ ដែលបានខ្វាយខ្វល់ទៅលើបញ្ហារបស់នាងផងដែរ។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០៖៣០នាទី នាងបានធ្វើដំណើរចុះទៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរមួយ ហើយទៅដល់ខេត្តបាត់ដំបង នៅវេលាម៉ោង ៣៖១៥នាទីទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

នារីរងគ្រោះបន្តថា ពេលចុះពីរថយន្ត នាងបានធ្វើដំណើរដោយថ្មើរជើងពីចំណតរថយន្ត ទៅមកផ្ទះសំណាក់ ដែលកក់រួចហើយ ដោយមើលតាមផែនទី (google map)។ មួយសន្ទុះក្រោយមក ពេលដើរដល់កន្លែងមួយ (មិនស្គាល់ភូមិឃុំ) មានឆ្កែជាច្រើន បានព្រុស និងបានរកខាំ ធ្វើឱ្យនាងមានការភិតភ័យ តែនាងនៅតែបន្តរដើរទៅតាមផែនទីដដែល។ រហូតដើរដល់ចំណុចមួយ មានផ្លូវបំបែកជា៣ នាងបានវង្វេងផ្លូវ ដោយសារងងឹតពេក និងមានអារម្មណ៍ ភ័យខ្លាច ព្រោះឆ្កែព្រុសខ្លាំង ក៏បានឈប់នៅផ្លូវបំបែកនោះ និងបានចុចទូរស័ព្ទទៅមនុស្សស្គាល់គ្នា។ ពេលនោះក៏មានម៉ូតូកង់៣ មួយគ្រឿង ពណ៌ស អត់មានទ្វារ និងមិនមានកាតុបតែង បើកដោយបុរសម្នាក់ មាឌរាងស្គម អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺត (មិនចាំពណ៌) ពាក់មួកកាតឹប បានជិះតាមនោះ រួចបានហៅនាងឡើងជិះ។

នារីរងគ្រោះបន្តថា ពេលនាងឡើងជិះ បាននិយាយជាមួយម្ចាស់ម៉ូតូកង់៣ ដោយបង្ហាញរូបផ្ទះសំណាក់ដែលនាងចង់ទៅនោះ។ បន្ទាប់ ពីនិយាយគ្នារួច នាងក៏បានឡើងជិះម៉ូតូកង់៣នោះ តែពេលជិះជាមួយគាត់ នាងបានមើល ផែនទី ឃើញថា គាត់ជិះចេញទៅផ្លូវឆ្ងាយ ខុសពីគោលដៅ។

នារីរងគ្រោះបានរៀបរាប់ទៀតថា ពេលជិះដល់ផ្លូវត្រូវបត់ នាងបានប្រាប់ឱ្យបត់ តែម្ចាស់កង់៣បានបន្ថែមល្បឿនទៅមុខមិនព្រមបត់នោះឡើយ ហើយ ពេលឱ្យឈប់ក៏មិនព្រមឈប់នោះដែរ។ បុរសបើកម៉ូតូកង់៣ បានបើករហូតដល់ម៉ោង ៤៖៧នាទីទៀបភ្លឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ពេលជិះដល់ចំណុចផ្លូវបំបែកជា៤ ឆ្លៀតពេលម៉ូតូកង់៣បន្ថយល្បឿន ដើម្បីបត់ឆ្វេងនោះ នារីងគ្រោះ ក៏បានលោត ចុះពីលើម៉ូតូកង់៣តែម្តង។

នារីរងគ្រោះជាជនជាតិបារាំងរូបនេះ បានឱ្យដឹងថា ជាអកុសលពេលលោតចុះនោះ កាបូបស្ពាយខាងក្រោយរបស់នាងបានទាក់ជាមួយម៉ូតូកង់៣ បណ្តាលឱ្យម៉ូតូកង់៣នោះដួលសង្កត់លើនាង ធ្វើឱ្យរងរបួសបាក់ម្រាមដៃ កណ្តាលខាងឆ្វេង, រលាត់ថ្ងាស់-ច្រមុះ ឯនៅលើទ្រូងទាំងសងខាង ជើងខាងស្តាំក្រោមជង្គង់ និងត្រគៀកទាំងសងខាងឡើងជាំ។

ចំណែកម្ចាស់ម៉ូតូកង់៣ បានលើកម៉ូតូឡើង ហើយជិះចេញទៅបាត់ទៅ។ បន្ទាប់មកនារីងគ្រោះ ក៏បានដើរទៅកន្លែងអគារមួយកន្លែង ដែលមានសន្តិសុខនៅទីនោះ ឱ្យជួយលាងរបួស និងសម្រាកនៅទីនោះ រយៈពេលប្រហែល១ម៉ោងកន្លះ ទើបទៅមន្ទីពេទ្យព្យាបាលរបួស។

បន្ទាប់ពីទទួលបានបណ្តឹងនេះ សមត្ថកិច្ចខេត្តបាត់ដំបង កំពុងស្រាវជ្រាវរកជនល្មើស ហើយបានអំពាវនាវដល់សាធារណជន ដែលបានឃើញហេតុការណ៍ ឬមានតម្រុយនានា សូមជួយសហការ ដើម្បីឈានទៅចាប់ជនល្មើស៕