(កណ្ដាល)៖ ឆ្នាំនេះចំណូលពីការដេញថ្លៃ «ដាយត្រី» ចំនួន២ស្រុក ទទួលបាន ២២០,២០០,០០០រៀល កើនឡើងចំនួន១៣៧,២០០,០០០រៀល ក្នុងរយៈពេល១ឆ្នាំ ដែលជាចំណូលចូលរដ្ឋ តាមរយៈវិស័យជលផល ពោលគឺភោគផលត្រីក្នុងទឹកទន្លៃ នៃប្រទេសកម្ពុជា ក្នុងខេត្តកណ្ដាល។ ពិធីដេញថ្លៃដាយត្រីនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ នៅការិយាល័យជលផលស្រុកពញាឮ ខេត្តកណ្ដាល។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការ ដេញថ្លៃឈ្នួលដាយត្រី បានប្រាប់នៅក្នុងពិធីដេញថ្លៃឈ្នួល ដាយត្រី ថា ឆ្នាំនេះមានក្រុមអាជីវករ បានចូលរួមដេញថ្លៃចំនួន១២នាក់ ហើយការដេញថ្លៃនេះ គឺមានចំនួន៤គន្លងដាយត្រី ដែលស្ថិតនៅក្នុងស្រុកចំនួន២ ក្នុងនោះនៅស្រុកពញាឮ ចំនួន៣គន្លងដាយ និងស្រុកកោះធំ ចំនួន១កន្លងដាយ។
លោកនាយខណ្ឌជលផលរូបនេះ បានលើកឡើងថា ការដេញថ្លៃនេះមានរយៈពេល២ឆ្នាំ គឺឆ្នាំ២០១៦ ដល់២០១៨ ហើយកាដេញថ្លៃឆ្នាំនេះ គឺយើងទទួល ប្រាក់ចំណូល ពីការដេញថ្លៃចំនួន២២០,២០០,០០០រៀល កើនឡើងចំនួន១៣៧,២០០,០០០រៀល ក្នុងរយៈពេល១ឆ្នាំ។ លោកបានបញ្ជាក់ដែរថា សូមបងប្អូនដែលដេញថ្លៃបាន នៅពេលនេះ ត្រូវតែអនុវត្តទៅតាមការណែរនាំ និងចូលរួមគោរពច្បាប់ឲ្យបានទាំងអស់គ្នា ពិសេសអាជីកម្មដាយ មិនត្រូវធ្វើហួសការកំណត់នោះទេ តាមច្បាប់អនុញ្ញាត ឲ្យត្រឹមតែទំហំ២៨ម៉ែត្រប៉ុណ្ណោះ ហើយត្រូវបង់ប្រាក់ទៅតាមសៀវភៅបន្ទុកឲ្យទាន់ពេលវេលា ហើយប្រាក់ចំណេញដែលបានមកពីអាជីវកម្ម ត្រូវតែបង់ពន្ធជូនរដ្ឋចំនួន២,៥%។
គួរបញ្ជាក់ដែរថា គន្លងដាយ១១B មានអ្នកចូលរួមដេញថ្លៃចំនួន២នាក់ ដែលតម្លៃព្យួរចំនួន៤០លានរៀល ហើយបានទៅលើលោកស្រី សុខ ចាន់បូ ក្នុងតម្លៃ៤៧លានរៀល។ គន្លងដាយ១១C មានអ្នកចូលរួមដេញ៤នាក់ ដែលមានតម្លៃព្យួរ២០លានរៀល ត្រូវបានទៅលើលោក សុក្រ ឧត្តម ក្នុងតម្លៃ៧២លានរៀល និងគន្លងដាយ១១D មានអ្នកចូលរួមដេញថ្លៃ៤នាក់ ដោយមានតម្លៃព្យួរចាប់ពី១៣លានរៀល បានទៅលើលោក គីន សុគន្ធា ក្នុងតម្លៃ៨៨លានរៀល។ ចំណែកឯដាយត្រីលិញ ដែលស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ត្រូវបានទៅលើ លោក ដុស ខែម ក្នុងតម្លៃ១៤លាន២សែនរៀល។
តំណាងអាជីវករ ដែលចូលរួមដេញថ្លៃ បានប្រាប់ថា ការដេញថ្លៃនេះគឺមានតម្លាភាពអាចទទួលយកបាន ហើយក៏ប្តេជ្ញាថា និងគោរពទៅតាមគោលការណ៍ណែនាំ និងគោរពច្បាប់ឲ្យមិន រំលោភកិច្ចសន្យា ឬក៏ច្បាប់នោះទេ។
តំណាងអាជីវករបានបន្ថែមទៀតថា ចំពោះមូលហេតុដែលពួកគាត់ហ៊ានក្នុងដាក់ថ្លៃខ្ពស់ ក្នុងគន្លងដាយនីមួយៗនេះ ព្រោះសង្ឃឹមថាត្រីឆ្នាំនេះ នឹងកើនឡើង ដោយហេតុថា មួយរយៈពេលកន្លងមកនេះ សមត្ថកិច្ចជំនាញរបស់រដ្ឋបាលជលផលបានចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ជាបន្តបន្ទាប់ ក្រោមការបញ្ជាពីសំណាក់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ទើបធ្វើឲ្យពួកគាត់មានទំនុកចិត្តខ្ពស់៕