(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី០៣ ខែសីហានេះ ក្នុងសន្និសីទសារព័ត៌ស្តីពីការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានថ្លែងបំភ្លឺជុំវិញការអនុញ្ញាត ឲ្យមានការសាងសង់សាលារៀនភាសាវៀតណាមមួយកន្លែង ក្នុងខេត្តបាត់ដំបង ដោយលោករដ្ឋមន្ត្រីលើកឡើងថា នៅកម្ពុជាមានជនជាតិច្រើន មិនមែនមានតែជនជាតិវៀតណាមនោះទេ ហើយសាលារៀនភាសាបរទេសក៏មានច្រើនដែរ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជាមិនមែនមានតែជនជាតិវៀតណាមនោះទេ គឺមានតាំងពីជនជាតិភាគតិច ជនជាតិចិន ជនជាតិចាម។ ចំពោះសាលារៀន ក៏មិនមែនមានតែសាលារៀនវៀតណាមនោះឡើយ គឺមានទាំងសាលារៀនចិន ដូចជាសាលាខុងជឺ, មានសាលាជនជាតិខ្មែរ-ឥស្លាម ដែលមានបង្រៀនអក្សរ និងភាសាពួកគេ ចំណែកសាលាសម្រាប់ជនជាតិភាគតិច ក៏មានបង្រៀនជាភាសាជនជាតិភាគតិចដែរ។
លោកថា «បច្ចុប្បន្នកម្ពុជា ទើបតែមានសាលាវៀតណាមតែមួយទេ មិនដូចសាលាជនជាតិភាគតិចមានចំនួន២០០សាលា ហើយសាលាចិន ក៏មិនតិចជាង១០០ដែរ ដូច្នេះខ្ញុំចង់បំភ្លឺរឿងហ្នឹង»។
ជាមួយគ្នានេះ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា បើជនជាតិវៀតណាមជាពលរដ្ឋខុសច្បាប់ ក៏មិនអាចចុះឈ្មោះចូលរៀនបានទេ ពីព្រោះការចុះឈ្មោះចូលរៀននេះ សិស្សត្រូវមានសៀវភៅគ្រួសារ ហើយដើម្បីទទួលបានសៀវភៅគ្រួសារ ពួកគេចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទើបអាចធ្វើបាន៕