(ភ្នំពេញ)៖ ដើម្បីជំរុញវិស័យភាពយន្ដឲ្យវិវត្តន៍កាន់តែល្អប្រសើរ កម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវេទិកាមួយ បង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-និងចិន។
វេទិកាសហប្រតិបត្តិការភាពយន្តរវាងកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
វេទិកាសហប្រតិបត្តិការភាពយន្តរវាងកម្ពុជា-ចិន រៀបចំឡើងក្រោមប្រធានបទចំនួន២រួមមាន៖
១៖ លទ្ធភាពនៃការបង្កើតឱ្យការផលិតភាពយន្ដរួមគ្នារវាងកម្ពុជា និងចិន និងការបង្កើតមូលនិធិបណ្ដាក់ទុនរវាងកម្ពុជា និងចិន។
២៖ ស្ថានភាពនាពេលបច្ចុប្បន្ននៃទីផ្សារភាពយន្តកម្ពុជា និងចិន និងការជំរុញអ្នកផលិតភាពយន្តឱ្យជ្រើសរើសទីតាំងថតនៅប្រទេសចិន
និងកម្ពុជា។
លោក Jiang Xiaoyu អ្នកដឹកនាំភាពយន្តជនជាតិចិន, អ្នកនិពន្ធអត្ថបទភាពយន្ត, អ្នកវិភាគភាពយន្ត និងវប្បធម៌ បានថ្លែងឲ្យដឹងថា «យើងស្វាគមន៍ និងរីករាយសហការជាមួយផលិតករកម្ពុជា ព្រោះទំនាក់ទនងរវាងកម្ពុជា-ចិន ជាទំនាក់ទំនងយូរអង្វែង ហើយចំពោះទំនាក់ទំនងដ៏ល្អនេះ គឺយើងចង់បានល្អគ្រប់វិស័យ ក្នុងនោះព្រមទាំងវិស័យភាពយន្ដផងដែរ។ ជាក់ស្ដែងចំពោះវេទិកាថ្ងៃនេះ នឹងជាចំណុចចាប់ផ្ដើមមួយរវាងកម្ពុជា-ចិន ស្គាល់គ្នាកាន់តែច្បាស់ និងសហការរីករាយ រីកចម្រើនមួយផ្នែកធំ ទៅលើវិស័យភាពយន្ដនៅកម្ពុជា»។
លោក លៀក លីណា ផលិតករ និងម្ចាស់ផលិតកម្ម អិល ឌី អេនធើធេនម៉ិន និងជាតំណាងសមាគមភាពយន្តកម្ពុជា បានលើកឡើងថា ដើម្បីឆ្ពោះទៅរកភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងនាមជាអ្នកផលិតខ្សែភាពយន្ដ ត្រូវមាន៣ចំណុចធំៗរួមមាន៖
១៖ គុណភាព និងអត្ថបទតែងនិពន្ធ ជារឿងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពយន្ដ។
២៖ ដៃគូសហការ ប្រសិនបើការផលិតមានគុណភាព និងអត្ថបទតែងនិពន្ធល្អហើយ តែមិនមានដៃគូសហការល្អនោះទេ នោះការជំរុញភាពយន្ដ នៅតែមិនមានភាពល្អប្រសើរនោះឡើយ។
៣៖ ការចែកចាយ ជាចំណុចសំខាន់មួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពយន្ដ ព្រោះថាបើមិនមានការចែកចាយទេ នោះការផលិតភាពយន្ដល្អប៉ុណ្ណោះ ក៏មិនកត្តាសំខាន់ក្នុងការទាក់ទាញនោះឡើយ។
លោក Liu Dongming អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រ លើកទី១០ បានលើកទឹកចិត្តដល់យុវជនកម្ពុជាក៏ដូចជា ផលិតករទៅខេត្តហ្វូជៀន ដើម្បីទស្សនាខ្សែភាពយន្ដអន្ដរជាតិខ្សែសូត្រ ដែលនឹងចាក់បញ្ចាំងនៅក្នុងខែកញ្ញានេះ ជាការបង្កើតឱកាសឲ្យផលិតករកម្ពុជា បានជួបគ្នាជាមួយអ្នកជំនាញនៅប្រទេសចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្វែងយល់ ព្រមទាំងបង្កើតការសហការរវាងគ្នា និងគ្នា៕