(ភ្នំពេញ)៖ អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី (Australian Health Humanitarian Aid (AHHA) បានបន្ដជួយព្យាលបាលដល់ប្រជាពលរដ្ឋជួបការលំបាក និងមានជំងឺមាត់ធ្មេញប្រមាណ ៥០០នាក់ និងកុមារពិការភាពធ្ងន់ធ្ងរចំនួន ១៦២នាក់ ដោយឥតគិតថ្លៃ។
កម្មវិធីពិនិត្យព្យាបាលជំងឺមាត់ធ្មេញ សម្រាប់អ្នកខាតខ្វះខាត និងកុមារពិការភាពធ្ងន់ធ្ងរនេះ បានរៀបចំរយៈ៣ថ្ងៃនៅមន្ទីរ
ពេទ្យធ្មេញនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅភ្នំពេញ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យធ្មេញ របស់អង្គការសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ក្រុមនិស្សិតមន្ទីរពេទ្យធ្មេញនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមានរួមសហការពី ក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា នឹងការចូលរួមពីអង្គការចំនួន១៣ ដើម្បីដឹកជញ្ជូនអ្នកជំងឺមកពីតំបន់ផ្សេងៗ មកកាន់មន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រផងដែរ។
នេះជាលើកទីមួយដែលអង្គការ សប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី បានត្រឡប់មកកម្ពុជាសារជាថ្មីចាប់តាំងមានពីវិបត្តិកូវីដ១៩នោះមក។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ ចំណេញរបស់អូស្ត្រាលី ដែលតែងតែចុះមកជួយពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាជនខ្មែរ ដែលជួបការខ្វះខាតជាបន្តបន្ទាប់។
លោកស្រីបណ្ឌិត ជា សិរី បានកោតសរសើរ ចំពោះក្រុមគ្រូពេទ្យអង្គការសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមគ្រូពេទ្យកម្ពុជា និងក្រុមយុវជនស្ម័គ្រចិត្ធនាគារជាតិនៃកម្ពុជា ក្នុងការងារពិនិត្យ និងព្យាបាលជូនប្រជាជនផងដែរ។
សូមជម្រាបថា ក្រៅពីការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាជនខ្មែរ ក្រុមការងារ AHHA ក៏បានផ្តល់បរិក្ខារព្រមទាំឧបករណ៍ សម្រាប់ការពិនិត្យជំងឺមាត់ធ្មេញ និងបានបង្រៀនពីការធ្វើបទបង្ហាញអំពីករណីមួយចំនួន ដល់និស្សិតទន្តសាស្ត្រ នៃកលវិទ្យាល័យពុទ្ធិសាស្ត្រផងដែរ។
សូមបញ្ជាក់ថាថ្មីៗនេះ អង្គការសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី និងក្រុមការងារយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំពីលោកស្រីបណ្ឌិត ជា សិរី បានអញ្ជើញទៅពិនិត្យ និងព្យាបាលជូនប្រជាជន មានជំងឺភ្នែកឡើងបាយមកពីខេត្តកំពង់ធំចំនួន២៨០នាក់ រយៈពេល៣ថ្ងៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ៕