(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងរៀបចំកម្មវិធី សិក្ខាសាលា «ស្ដីអំពីការអភិវឌ្ឍន៏អាជីវកម្ម ក្រោយបរិបទកូវីដ១៩» នៅក្នុងខេត្តសៀមរាបថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដែលនឹងអញ្ជើញសហគ្រាសធុនតូចនិងមធ្យម នៅក្នុងខេត្តសៀមរាប ចំនួន១៥០សហគ្រាស ចូលរួម។

គោលបំណងនៃកម្មវិធី គឺដើម្បីផ្ដល់នៅចំណេះដឹង និងអត្ថប្រយោន៍ ដល់សហគ្រាស ធុនតូចនិងមធ្យម ទូទាំងប្រទេសកម្ពុជា ស្វែងយល់ពី របៀបលក់ផលិតផលទៅកាន់ ទីផ្សារក្នុងស្រុក និងនាំចេញ ទទួលបានព័ត៌មានទាក់ទង និងបទប្បញ្ញាត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា និងប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម។

នៅក្នុងខែមេសា ឆ្នាំ២០២៣កន្លងទៅ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំកម្មវិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ឆ្នាំថ្មី ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានអ្នកចូលរួមចំនួន៥,០០០នាក់ ដែលអញ្ជើញមកពីទូទាំង២៥ រាជធានី-ខេត្ត។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានសហការជាមួយ FASMEC រៀបចំកម្មវិធីសិក្ខាសាលា ការអភិវឌ្ឍន៍ អាជីវកម្មក្រោយបរិបទកូវីដ-១៩ នៅក្នុងខេត្តកណ្តាល ដោយជោគជ័យ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តកណ្តាល ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរកសិកម្មកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ជាសេសទៅទៀតមានការអញ្ជើញចូលជាគណៈអធិបតី និងកម្មវិធីសិក្ខាសាលាដោយលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន១៧៥នាក់។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងរៀបចំកម្មវិធីសិក្ខាសាលា «ស្ដីអំពីការអភិវឌ្ឍន៏អាជីវកម្ម ក្រោយបរិបទកូវីដ ១៩» នៅក្នុងខេត្តសៀមរាប ដោយឥកគិតថ្លៃ និងមានទីតាំងនៅក្នុងសាលាខេត្តសៀមរាបផ្ទាល់តែម្ដង៕