(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។

តាមរយៈសារលិខិតអបអរសាទរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបរាប់យ៉ាងដូច្នេះ៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតិបរិមា សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនឯកឧត្តមបណ្ឌិត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមទំព័រថ្មីជាប្រវត្តិសាស្រ្តនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯក់ឧត្តមបណ្ឌិត ប្រទេសជាតិពិតជាបន្តទទួលបាននូវការឯកភាពទឹកដី ការបង្រួបបង្រួមជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងក្លាថែមទៀត។ ប្រជាជនយើងបន្តរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គល និងវិបុលភាព។ កិត្យានុភាពជាតិ និងឧត្តមភាពនៃរាជរដ្ឋាភិបាលកម្ពុជាកាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៍ សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ»៕