(កោះកុង)៖ លោក ឈឿន កុសលវីរៈ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងលោកស្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រមាណ ៥៥៣នាក់ ដែលបានបំពេញកាតព្វកិច្ចខិតខំប្រឹងប្រែងក្នុងចូលរួមផ្សព្វផ្សាយឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អណ្តិតទី៧ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី៦ ខែសីហាឆ្នាំ ២០២៣។

លោក ឈឿន កុសលវីរៈ បានពាំនាំការថ្លែងអំណរគុណរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានសរសើរក្រុមការងារថ្នាក់កណ្តាលថ្នាក់ ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាដ៍មានតម្លៃ ដើម្បីធ្វើការផ្សព្វផ្សាយឃោសនាបោះឆ្នោតដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទៅរក្សាសន្តិភាព និងអភិវឌ្ឍន៍បន្ត។

លោក ឈឿន កុសលវីរៈ បានថ្លែងថា លោក និងក្រុមការងារសមាជិកសមាជិកាបក្សចុះជួយក្នុងមូលដ្ឋានឃុំកណ្តោល សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងមានសេចក្តីសោមនស្សរីករាយចំពោះក្រុមការងារចុះមូលដ្ឋានឃុំរួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្តព្រមទាំងបានចំណាយសម្ភារៈ និងថវិកាផ្ទាល់ខ្លួនបម្រើឱ្យសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគ្មានអំពើហឹង្សា នាពេលកន្លងទៅឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ សេចក្តីសោមនស្ស និងភាពថ្លៃថ្នូរ។

លោក ឈឿន កុសលវីរៈ ក៏បានអបអរសាទរនូវជ័យជំនះដ៏ត្រចះត្រចង់នេះ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ និងនៅអាណត្តិបន្តបន្ទាប់ទៀត។

លោកសូមឱ្យសមាជិក សមាជិកាបក្សទាំងអស់រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍបង្កើនធនធានមនុស្សដើម្បីប្រទេសជាតិយើងមានភាពរីកចម្រើនទៅថ្ងៃអនាគ៕