(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួត ពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់បណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៩ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តផងដែរ។
ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងនូវការកោតសរសើរអាវុធហត្ថទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចបានល្អ រហូតទទួលបានការកោតសរសើររពីថ្នាក់ដឹកនាំ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញណែនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អបន្ថែមទៀត និងបន្តការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន បង្ក្រាបរាល់បទល្មើសដែលកើតមានផងដែរ។
សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃទទួលបានបណ្ណសរសើរ លិខិតសរសើរ អគ្គបញ្ជាការ មានចំនួន ៣៣រូប ក្នុងនោះបណ្ណសរសើរចំនួន១៧រូប និងលិខិតសរសើរចំនួន១៦រូប៕