(នេប៉ាល់)៖ បក្សកុម្មុយនីស្តនេប៉ាល់ នៅថ្ងៃពុធនេះ បានប្រកាសតែងតាំងលោក Pushpa Kamal Dahal ជានាយករដ្ឋ​មន្ត្រីថ្មី​ នៃប្រទេសនេប៉ាល់ បន្ទាប់ពីលោក Khadga Prasad Oli ចុះចេញពីតំណែងដោយខ្លួនឯង។ នេះបើយោងតាម​ការ​ចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។

អស្ថេរភាព​ផ្នែកនយោបាយនៅក្នុងប្រទេសនេប៉ាល់ ត្រូវបានកើតឡើងតាំងពីឆ្នាំ ១៩៩០មកម៉្លេះ ហើយលោក Pushpa គឺ​ជា​នាយករដ្ឋមន្ត្រីនេប៉ាល់ ទី២៤ ហើយក៏ជានាយករដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងក្រោយពេល​​មានការកាប់សម្លាប់​​ ក្រុម​អ្នកតវ៉ា​ទាមទារឲ្យលទ្ធិប្រជាធិបតេយ្យពហុបក្ស។

គួរបញ្ជាក់ផងដែរថា លោក Khadga Prasad Oli បានចុះចេញពីតំណែងកាលពីប៉ុន្មានថ្ងៃមុន មុនពេល​សភា​នេប៉ាល់​បោះ​ឆ្នោត ដកសេចក្ដីទុកចិត្ត ព្រោះតែអសមត្ថភាព ចំណែកលោក Pushpa គឺជាអតីតប្រធានក្រុមឧទ្ទាមម៉ៅនិយម៕