(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវលេខ៥១ ដែលបណ្ដាលឱ្យកម្មករ-កម្មការិនី ចំនួន៣៣នាក់ រងរបួសធ្ងន់ស្រាល និងបានចូលរួមសោកស្ដាយ ចំពោះហេតុការណ៍នេះ ព្រមទាំងបានសន្យាបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត និងក្រុមគ្រួសារ ទៅតាមរបបសន្តិសុខសង្គម។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦៖១៥នាទី ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យកម្មករនិយោជិត២១នាក់ រងរបួសស្រាល និង១២នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានជួយសង្គ្រោះពួកគាត់ ទៅសម្រាកព្យាបាលនៅគ្លីនិកថ្នល់ទទឹង គ្លីនិកសុខាបែកចាន និងបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យព្រះកុសុមៈបានភ្លាមៗផងដែរ៕