(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានបង្ក្រាបក្រុមចោរប្លន់ម៉ូតូចំនួន៤នាក់ ក្រោយប្លន់នារីបម្រើការនៅខារ៉ាអូ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទី រំលងអាធ្រាត្រ ចំណុចតាមផ្លូវ២១A ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរបាយការណ៍ឱ្យដឹងថា ជនសង្ស័យចំនួន ០៤នាក់៖
១៖ ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។
២៖ ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៣៖ ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៤៖ ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។ ជនសង្ស័យទាំងនេះមានសារធាតុញៀនក្នុងទឹកនោម(+)។
របាយការណ៍ដដែលរៀបរាប់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងខារ៉ាអូខេ ប៊ីយ៉ុង ដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះអ៉ិតចាន់ទីម៉េង និងឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៏ស ស្លាកលេ ភ្នំពេញ1HA-7486 យកដាវដេញកាប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ។
លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះ អ៉ិត ចាន់ទីម៉េង ឈ្មោះ ស៊ាន ខយ ឈ្មោះ យិន ស៊ឹមឡេង បានជិះម៉ូតូដដែលម៉ាក Honda moov ពណ៌ស ស្លាកលេខភ្នំពេញ ១HA-៧៤៨៦ មានកាន់កាំបិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកាប់ប្លន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត។ ចំណែកឈ្មោះ វិន លាភ មិនបានមកជាមួយនោះទេ ក៏ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ វិន លាភ យកមកសាកសួរចាត់ការតាមនិតិវិធីតែម្តង។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថាគាត់ និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូ និងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕